ភ្នំពេញៈ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការជួយដល់អតិថិជនដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈការរៀបចំឥណទានឡើងវិញ ព្រមទាំងការបន្ធូរបន្ថយ និងការអនុគ្រោះផ្សេងៗទៀតពីរាជរដ្ឋាភិបាលកម្ពុជា និយ័តករ និងអាជ្ញាធរពាក់ព័ន្ធ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជានៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះបានឲ្យដឹងថា គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអតិថិជនប្រមាណ៣៤ម៉ឺននាក់ ទទួលបានការរៀបចំឥណទាន ឡើងវិញ ក្នុងទំហំឥណទានប្រមាណ ៤ប៊ីលានដុល្លារអាមេរិក។ ចំពោះយន្តការនៃការរៀបចំឥណទានឡើងវិញ ភាគ ច្រើននៃអតិថិជនទាំងនោះ បានជ្រើសយកជម្រើសបង់តែការប្រាក់ក្នុងរយៈពេល ៣ទៅ៦ខែ ពន្យាររយៈពេលសង កម្ចី ឬផ្អាកបង់ទាំងការប្រាក់ និងប្រាក់ដើមរយៈពេល ៣ទៅ៦ខែ ក្នុងករណីដែលអតិថិជនរងផលប៉ះពាល់ខ្លាំង។ ការ រៀបចំឥណទានឡើងវិញត្រូវធ្វើឡើង អាស្រ័យតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ហើយនឹងត្រូវធ្វើបន្តទៅទៀត ក្នុងអំឡុងពេលដែលវិបត្តិនេះមិនទាន់បញ្ចប់នៅឡើយ។
ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែងកន្លងមក យើងសង្កេតឃើញថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កឲ្យមានផលប៉ះពាល់ជាថ្មីបន្ថែមទៀត ដោយចំនួនអ្នកឆ្លង និងអ្នកប្រឈម ការឆ្លងមានចំនួនកាន់តែកើនឡើង។
ដោយសង្កេតឃើញអំពីផលប៉ះពាល់នេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ តាមរយៈសមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) គ្រឹះស្ថានសមាជិកទាំងអស់ ត្រូវបន្តអនុវត្តឲ្យបានពេញលេញនូវវិធានការនានារបស់រាជរដ្ឋាភិបាល ជាពិសេសគោលការណ៍ក្នុងការរៀបចំឥណទានឡើងវិញ ដែលបាន ដាក់ចេញកាលពីខែកុម្ភៈ ឆ្នាំ២០២០ ដោយធនាគារជាតិនៃកម្ពុជា ដើម្បីធានាថា អតិថិជនរបស់ខ្លួនទទួលបានការ គាំពារ និងអនុគ្រោះក្នុងអំឡុងពេលដ៏លំបាកនេះ។
ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវ គោលការណ៍បន្ថែមដូចខាងក្រោម ៖
១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់ រយៈពេលមួយខែ ព្រមទាំងទទួលបានការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ ព្រម) រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផល តេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែង រាល់ការផាកពិន័យទាំងអស់។
៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់ អតិថិជនដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។
៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការ ប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។
៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទី១ សម្រាប់រស់នៅ។
៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ។
សូមជម្រាបថា ការរៀបចំឥណទានឡើងវិញអាចធ្វើតាមយន្តការមួយចំនួនរួមមាន ៖ ទី១. ការកាត់បន្ថយ ចំនួនប្រាក់ដើមឥណទាន ឬចំនួនដែលត្រូវសងនៅឥណប្រតិទាន ទី២. ការកាត់បន្ថយអត្រាការប្រាក់ទាបជាង លក្ខខណ្ឌនៃកិច្ចសន្យាដើម ទី៣. ការពន្យារពេលទូទាត់សងប្រាក់ដើម ឬការប្រាក់ ឬការធ្វើមូលធនកម្មការប្រាក់ ទី ៤. ការពន្យារឥណទានប្រតិទាន, ទី៥. ការបន្ថែម និង/ឬ ការផ្លាស់ប្តូរអ្នករួមខ្ចី និង/ឬ អ្នកធានា ប្រសិនបើមាន ៦. ការផ្លាស់ប្តូរពីឥណទានមានការទូតទាត់សងតាមការបង់រំលស់ទៅជាការទូទាត់តែការប្រាក់ហើយទូទាត់សងប្រាក់ ដើមទាំងអស់នៅឥណប្រតិទាន ៧. ការលើកលែង ឬបន្ថយទ្រព្យធានា ៨. ការបន្ថយលក្ខខណ្ឌកិច្ចសន្យា ឬ/និង ការផ្តល់រយៈពេលអនុគ្រោះដោយគ្មានការទូទាត់សងដែលអាចមានរយៈពេលរហូតដល់ ៦ (ប្រាំមួយ)ខែ គិតចាប់ពី ថ្ងៃប្រសិទ្ធភាពនៃកិច្ចសន្យាថ្មី។
សូមបញ្ជាក់ផងដែរថា គ្រប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ មានរចនាសម្ព័ន្ធគ្រប់គ្រងប្រភពទុនប្រហាក់ ប្រហែលគ្នា គឺទុនផ្ទាល់របស់ភាគទុនិក ប្រមាណជា ១៥ភាគរយ ទុនមកពីកម្ចីរយៈពេលវែងនៅក្នុងស្រុក និង បរទេស ប្រមាណជា ១៥ភាគរយ (ធនាគារក៏ជាកូនបំណុលផងដែរ ដែលបានដាក់ប្រាក់បញ្ញើសន្សំប្រមាណជា ៧០ភាគរយ។ ) និងទុនបានមកពីអតិថិជន និងសាធារណជន។
វិស័យធនាគារ និងហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ប្រៀបបាននឹងឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះគ្រប់ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនីមួយៗ មានកាតព្វកិច្ចអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងធនាគារ និងហិរញ្ញវត្ថុ ព្រមទាំង គោលការណ៍ទាំងឡាយឲ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាថាគ្រឹះស្ថាននឹងនៅ តែមានស្ថានភាពរឹងមាំគ្រប់កាលៈទេសៈ ដើម្បីបម្រើសេវាហិរញ្ញវត្ថុតាមតម្រូវការជូនដល់អតិថិជន ព្រមទាំងទទួល ខុសត្រូវយ៉ាងពេញលេញរាល់កាតព្វកិច្ចចំពោះដៃគូដែលបានផ្តល់កម្ចីដល់គ្រឹះស្ថាន ភាគទុនិករបស់ខ្លួន និងអតិថិជន ព្រមទាំងសាធារណជនដែលកំពុងដាក់ប្រាក់បញ្ញើសន្សំជាមួយគ្រឹះស្ថានរបស់ខ្លួន។
ដូច្នេះសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំង អស់ មេត្តាសហការធ្វើការជាមួយគ្នាក្នុងភាពជាដៃគូ ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលផ្តល់ប្រាក់កម្ចី ផ្ទាល់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងភាពស្មោះត្រង់ ដើម្បីការពារ និងគាំទ្រដល់ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិឲ្យ នៅតែមានភាពរឹងមាំក្នុងការបម្រើសេវា និងបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងកាលៈទេសៈដ៏លំបាកមួយនេះ៕
រក្សាសិទ្ធិដោយៈ ចេស្តារ


