ភ្នំពេញៈ បុរសជនជាតិខ្មែរម្នាក់អាយុ ៦៨ឆ្នាំ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នេះ នៅមន្ទីរពេទ្យហ្លួងម៉ែ។ នេះបើយោងតាមលិខិតបញ្ជាក់មរណភាពដែលចេញដោយលោកសោម សុភ័ណ្ឌ ប្រធានមន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ “ហ្លួងម៉ែ”។
លិខិតបញ្ជាក់មរណភាពបានឲ្យដឹងថា អ្នកជំងឺឈ្មោះ សក់ ឈឿន ភេទ ប្រុស អាយុ ៦៨ឆ្នាំ អាសយដ្ឋានផ្ទះលេខ ៩D ផ្លូវ ៣៧១ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមមានជ័យ រាជធានីភ្នំពេញ។ អ្នកជំងឺបានចូលសម្រាកពេទ្យ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។ អ្នកជំងឺរលាកសួតសងខាងធ្ងន់ធ្ងរ។ ហើយបានស្លាប់បាត់បង់ជីវិតកាលពីវេលាម៉ោង ១:៤០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។
លិខិតបញ្ជាក់មរណភាពបានបញ្ជាក់ថា អ្នកជំងឺស្លាប់ដោយសារខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារកូវីដ១៩។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១១ ខែមីនា ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួន ២៣នាក់ហើយ។ ហើយគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនសរុប ២៩១៥ នាក់ , អ្នកជាសះស្បើយមានចំនួន ១៨២៤ នាក់ , អ្នកកំពុងព្យាបាលមានចំនួន ១០៦៤ នាក់ និងអ្នកស្លាប់ចំនួន ២២ នាក់៕
រក្សាសិទ្ធិដោយៈ ចេស្តារ