ប្រិយមិត្ត ដែលជាអ្នកតាមដានព័ត៌មាននៅលើបណ្តាញសង្គម ប្រាកដជាបានទទួលជ្រាបហើយថា កាលពីសប្តាហ៍មុននេះ បេក្ខនារីមីយ៉ាន់ម៉ា នាង Han Lay បានធ្វើឲ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយនាងបាននិយាយទាំងស្រក់ទឹកភ្នែក ប្រឆាំងទៅនឹងអំពើឃោរឃៅ ពីសំណាក់របបយោធារបស់ប្រទេសនាង នៅក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ដោយក្នុងនោះ នាងបាននិយាយបែបនេះថា៖ «ថ្ងៃនេះនៅក្នុងប្រទេសរបស់ខ្ញុំប្រទេស មីយ៉ាន់ម៉ា… មានមនុស្សជាច្រើនបានស្លាប់ហើយ សូមជួយប្រទេសមីយ៉ាន់ម៉ាផង។ យើងត្រូវការជំនួយអន្តរជាតិបន្ទាន់ឥឡូវនេះ»។
តែទោះយ៉ាងណា នាងត្រូវបានខាងប្រទេសថៃ ជាពិសេសអ្នកដឹកនាំការប្រកួត Miss Grand International 2020 យកចិត្តទុក ដោយឲ្យនាងបន្តស្នាក់នៅក្នុងប្រទេសថៃមួយរយៈសិន ព្រោះតែដើម្បីសុវត្ថិភាព និងណាមួយទៀត ជើងហោះហើរទាំងអស់ក៏ត្រូវបានបិទ ពុំអាចធ្វើដំណើរបាននោះទេ។
យ៉ាងណាមិញ ទន្ទឹមនឹងការស្នាក់នៅក្នុងប្រទេសថៃ ដោយមានការយកចិត្តទុកយ៉ាងពិសេសពីក្រុមហ៊ុន ជាពិសេសពីសំណាក់លោក Nawat ដែលតែងជួយជ្រោមជ្រែង ថ្មីៗនេះ ស្រាប់តែលេចលឺដំណឹងថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងចេញដីការតាមចាប់ខ្លួនតារាៗជាច្រើន ដែលចេញមុខប្រឆាំង នៅក្នុងនោះក៏មាននាង Han Lay ដែលកំពុងរស់នៅក្នុងប្រទេសថៃ។ ប៉ុន្តែ បើតាមការបញ្ជាក់ពីលោក Nawat បានឲ្យដឹងថា គឺគ្មានដីការចាប់ខ្លួន Han Lay នោះទេ ហើយលោកក៏នឹងការពារនាងយ៉ាងពេញទំហឹងផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ thairath។
ជាក់ស្តែង ក្រោយពីនាងបាននិយាយចេញរឿងនេះ ទៅកាន់ឆាកអន្តរជាតិរួចមក នាងសម្តែងការព្រួយបារម្ភជាខ្លាំងថា៖ «ឥឡូវនេះ ខ្ញុំពិតជាមានការព្រួយបារម្ភថា ការនិយាយរយៈពេលពីរនាទីរបស់ខ្ញុំ អាចធ្វើឱ្យជះឥទ្ធិពលទៅលើរដ្ឋាភិបាលយោធា។ នាងក៏បានបញ្ជាក់ថា នាងបានសំរេចចិត្តបន្តស្នាក់នៅប្រទេសថៃយ៉ាងហោចណាស់ក្នុងរយៈពេលបីខែបន្ទាប់ទៀត។
គួរបញ្ចាក់ថា នាង Han Lay គឺជាបុគ្គលម្នាក់ ដែលក៏ធ្លាប់ចូលរួមនៅក្នុងការប្រឆាំងតវ៉ាទៅនឹងការធ្វើរដ្ឋប្រហារនេះផងដែរ មុនពេលនាងធ្វើដំណើរមកកាន់ប្រទេសថៃ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















