Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាចម្បាំងលិចសម័យសង្គ្រាមស៊ីវិល នៅទន្លេខេត្តកំពង់ចាម ត្រូវស្រង់មកលើគោក ក្រោយប្រតិបត្តិការរយៈពេល៦ខែ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ នាវាចម្បាំងដែលបានលិច នាកំលុងសម័យសង្គ្រាមស៊ីវិល នៅកម្ពុជា នាទសវត្សឆ្នាំ១៩៧០ ស្ថិតនៅភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានកម្លាំងជំនាញស្រង់មកលើគោក ក្រោយប្រតិបត្តិការរយៈពេល ៦ខែ។

បើតាមស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

ពិធីស្រង់នាវាម៉ារីននេះ ប្រព្រឹត្តឡើងក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាដែលលិចក្នុងទន្លេ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, លោក ហ៉ី បាវី ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា,តំណាងអភិបាលខេត្តកណ្តាល ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

នាវាម៉ារីនដែលលិចក្នុងកំលុងសង្គ្រាមស៊ីវិលនៅកម្ពុជា កាលពីទសវត្សឆ្នាំ១៩៧០នេះ បានលិចកប់ក្នុងបាតទន្លេមានជម្រៅរហូតដល់ ២៧,៥ម៉ែត្រ ព្រមទាំងគ្រប់ដណ្តប់ដោយដីខ្សាច់នៅលើយ៉ាងច្រើនផងដែរ។ ត្រង់ចំណុចនេះ ធ្វើឱ្យក្រុមការងារជំនាញជួបការលំបាកក្នុងការប្រមូលគ្រាប់យុទ្ធភ័ណ្ឌដែលបានរសាត់រាយប៉ោយ នៅជុំវិញនាវាចម្បាំងជាដើម។

ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមកសម្រាប់កម្ពុជា ចំពោះប្រតិបត្តិការនេះ ក៏បានបង្ហាញថាកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើដីគោកនោះទេ ដូច្នេះវា ជាមោទនភាពមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។

បើតាមរបាយការណ៍របស់ឧត្តមសេនីយ៍ឯក ផល សាមន អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានក្រុមការងារបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទះក្រោមទឹក បានឱ្យដឹងយ៉ាងដូច្នេះថា៖ «រៀបចំផែនការធ្វើការដោះបន្សាបចំនួន៩០% នៃគ្រាប់ដែលមានទ្រង់ទ្រាយល្អ មានសុវត្ថិភាព សម្រាប់ទុកដាក់តាំងក្នុងសារមន្ទីរ និងធ្វើការកំទេចចោលចំនួន១០% នៃគ្រាប់ដែលខូចទ្រង់ទ្រាយ ពុកផុយ មិនអាចធ្វើការដោះបន្សាបបាន និងធ្វើការកំទេចចោលចំនួន១០០% នៃគ្រាប់ដែលប្រមូលបានពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានបានរាយការណ៍នៅលើគោក ដើម្បីធានាឱ្យបាននូវសុវត្ថិភាព ១០០%»។

ខណៈគ្រាប់ខូចគុណភាពចំនួន១០% និងត្រូវធ្វើការកម្ទេច ចោល ដោយចាប់ផ្តើមពីថ្ងៃទី៣១ ដល់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ (រយៈពេល៨ថ្ងៃ) នៅចំណុចនិយាមការលេខ 057300E 1305215N ស្ថិតក្នុងភូមិសាស្ត្រ ភូមិពោធិ៍ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ដោយឡែកចំនួនគ្រាប់៩០% ដែលមានទ្រង់ទ្រាយល្អ មានសុវត្ថិភាព និងត្រូវធ្វើការដោះបន្សាបចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ រយៈពេល (៤៣ថ្ងៃ) ដើម្បីបញ្ចប់ផែនការ សម្រាប់ទុកដាក់តាំង ក្នុងសារមន្ទីរ។ ទីតាំងដោះបន្សាប នៅទីបញ្ជាការ Golden west ខេត្តកំពង់ឆ្នាំង និងនៅទីបញ្ជាការកងសុនខ ហិតមីន។

បើតាមស្ថានភាពនាវាចម្បាំងលិចក្នុងទន្លេខាងលើនេះ គឺមានសភាពចាស់ទ្រុឌទ្រោមខ្លាំង និងមានស្នាមធ្លុះធ្លាយជាច្រើនកន្លែងដោយការបាញ់ពន្លិច ក្នុងពេលប្រយុទ្ធគ្នា។

រយៈពេល៦ខែមកនេះ កម្លាំងជំនាញបានប្រមូល និងស្រង់គ្រាប់យុទ្ធភ័ណ្ឌមកលើគោកជាបន្តបន្ទាប់។ បើតាមរបាយការណ៍ គឺចាប់ពីខែតុលា ឆ្នាំ២០២០ រហូតដល់ដើមខែមីនា ឆ្នាំ២០២១ ក្រុមការងារស្រង់បានគ្រាប់យុទ្ធភណ្ឌសរុបប្រមាណ ១៦.៦៧៦តោន ព្រមទាំងបំណែកឆ្អឹងសពមនុស្សចំនួន៦ និងសម្ភារសឹកមួយចំនួនទៀត៕ រក្សាសិទ្ធិដោត៖បញ្ញាស័ក្តិ

×