ភ្នំពេញ÷បុរសជនជាតិចិន២នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងក្នុងល្បឿនលឿនដល់ផ្លូវបំបែកជា៤មិនប្រយ័ត្នបានជ្រុលចង្កូតទៅបុកកង់បីកំពុងតែបើកឆ្លងផ្លូវចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យប៉ើងកង់បីឡើងលើខឿនផ្លូវនិងបុរសម្នាក់ជាម្ចាស់កង់បីរងរបួសធ្ងន់។ ចំណែកឯរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់បានទាំងតៃកុងនិងរថយន្តនៅកន្លែងកើតហេតុ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ១១ និង០០នាទីយប់ថ្ងៃពុធទី៧ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៣២ កែងនិងផ្លូវ១៤៣ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌប្រាំ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញកង់បីមួយគ្រឿងពណ៌សពាក់ផ្លាកលេខ តាកែវ1-R 7518 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ២៣២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យមខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជា៤ស្រាប់តែគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងទៀតពណ៌សពាក់ផ្លាកលេខ ភ្នំពេញ2-AD 2304បើកបរដោយបុរសជនជាតិចិន២នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១៤៣ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនមកបុកកង់បីចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យប៉ើងកង់បីខ្ទាតទៅលើខឿនផ្លូវចំណែកឯតៃកុងបានរងរបួសធ្ងន់ត្រូវបានរថយន្តសាម៉ុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងខាងជំនាញចរាចរណ៍ខណ្ឌ៧ មករាចុះមកដល់ដោយភាគីទាំង២ចរចាអត់ត្រូវរួចក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងឱ្យចុះមកវាស់វែងយករថយន្តបង្កនិងកង់បីខាងលើទៅរក្សាទុកនៅខាងការិយាល័យនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយនៅពេលក្រោយ៕
រក្សាសិទ្ធិដោយ៖ សា មេត








