ភ្នំពេញ៖ នៅក្នុងប្រទេសកម្ពុជា មានពេលបច្ចុប្បន្ននេះ ជាពិសេសនៅទីប្រជុំជន ប្រជាពលរដ្ឋមានជីវភាពធូរធារបានប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដូច្នេះធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ បាននាំយកឥណទានរថយន្ត ដើម្បីពង្រីកកញ្ចប់ផលិតផល និងសេវាកម្មរបស់ខ្លួន ឲ្យកាន់តែសម្បូរបែប ក្នុងគោលបំណងបំពេញតម្រូវអតិថិជន ឲ្យកាន់តែល្អប្រសើរ។ ឥឡូវនេះ លោកអ្នកអាចស្នើសុំឥណទានរថយន្តរបស់ធនាគារ CIMB ជាមួយនឹងអត្រាការប្រាក់ទាប ត្រឹមតែ0.9% ក្នុងមួយខែ នៅតាមយានដ្ឋានលក់រថយន្ត នៅទូទាំងប្រទេស។
បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃសុក្រ ទី20 ខែតុលា ឆ្នាំ២០១៧ បានដឹងថា ឥណទានរថយន្តរបស់ធនាគារ CIMB ផ្តល់ជូនពិសេសនូវការកាត់ឈ្មោះកាតគ្រី ឬប័ណ្ឌចុះបញ្ជីរថយន្ត ជាមួយឈ្មោះអតិថិជនផ្ទាល់តែម្តង។ ក្នុងនោះ ឥណទានមានរយៈពេល៥ឆ្នាំ ហើយស៊េរីឆ្នាំ ឬអាយុកាលនៃរថយន្ត ដែលអាចស្នើសុំឥណទានបាន គឺចាប់ពីឆ្នាំ ២០០២ ឡើងទៅ។ សម្រាប់ទំហំនៃឥណទាន អតិថិជនអាចខ្ចីបានរហូតដល់ ៧០% នៃតម្លៃរថយន្ត ហើយការអនុម័តឥណទាន គឺមានភាពរហ័សទាន់ចិត្តផងដែរ ប្រសិនបើអតិថិជនមានឯកសារគ្រប់គ្រាន់ និងត្រឹមត្រូវ។
លោកស្រី ហេង ធីតា នាយកហិរញ្ញវត្ថុបុគ្គលរបស់ធនាគារ CIMB មានប្រសាសន៍ថា៖ “យើងបានសិក្សាយ៉ាងល្អិតល្អន់ ទៅលើទីផ្សារឥណទានរថយន្ត ក្នុងប្រទេសកម្ពុជា មុននឹងធនាគារសម្រេចបង្កើតឥណទានរថយន្តនេះឡើង ដើម្បីជួយឲ្យអតិថិជនទទួលបានទាំងរថយន្តដែលខ្លួនស្រឡាញ់ រួមទាំងអត្រាការប្រាក់ទាប និងលក្ខខណ្ឌល្អប្រសើរ ពីធនាគារ CIMB ផងដែរ”។
មិនតែប៉ុណ្ណោះ លោកស្រី ធីតា បានក្រើនរំលឹកដល់អតិថិជនផងដែរថា៖ ការមានរថយន្តផ្ទាល់ខ្លួន គឺជារឿងល្អប្រសើរ ដែលអាចជួយសម្រួលដល់ធ្វើការដំណើរជិតឆ្ងាយ ជាពិសេសជាលក្ខណៈគ្រួសារ ប្រកបដោយសុខសុវត្ថិភាព ប៉ុន្តែយើងក៏ត្រូវគិតគូឲ្យច្បាស់លាស់ លើកត្តាប្រាក់ចំណូល និងចំណាយ ព្រមទាំងលទ្ធភាពខ្លួនឯង សម្រាប់ការជ្រើសរើសសេវាឥណទាន និងរថយន្តណាមួយ ដែលសមស្រប និងយូរអង្វែង៕ ដោយ៖កូឡាប