ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានមានប្រសាសន៍ប្រាប់ CEN នៅមុននេះបន្តិចថា មន្ត្រីយោធាជើងទឹកចំនួនពីរនាក់ ដែលបានបាត់ខ្លួននៅក្នុងឧបទ្ទវហេតុផ្ទុះអូប័រ នៅក្នុងសមុទ្រកាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានរកឃើញអស់ហើយ។ រីឯមន្ត្រីយោធាចំនួន ៤នាក់ទៀត ដែលបានរងរបួស កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
សាកសពមន្ត្រីយោធាជើងទឹកទាំងពីរនាក់នេះ ត្រូវបានរកឃើញកាលពីល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ និងនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា សាកសពទាហានជើងទឹកចំនួនពីរនាក់ដែលបាត់ខ្លួន នៅក្នុងឧបទ្ទវហេតុផ្ទុះអូប័រនៅក្នុងសមុទ្រ កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ បានរកឃើញអស់ហើយ និងបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីហើយ។ សាកសពទាំងពីរនេះ បានរកឃើញកាលពីថ្ងៃទី៧ ខែមេសា ម្នាក់ និងម្នាក់ទៀតរកឃើញនៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា អូប័រដឹកស្បៀងដាក់តាមបណ្តាកោះ នៅពេលធ្វើដំណើរចេញពីមូលដ្ឋានសមុទ្ររាម បានចម្ងាយ ៣ម៉ៃល៍ បានជួបឧប្បត្តិហេតុផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេង ផ្ទុះស្សេឆេះធុងសាំងប្រេងយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យមានអ្នករបួស៤នាក់ (ស្រាល៣នាក់ និង ១នាក់ធ្ងន់) និងបាត់ខ្លួនចំនួនពីរនាក់ មកដល់ត្រឹមល្ងាចថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា អូប័របានធ្វើដំណើរដើម្បីដឹកស្បៀងទៅតាមបណ្តាកោះ បានកើតឧប្បត្តិហេតុ គឺមិនបានឆ្ងាយប៉ុន្មានពីមូលដ្ឋានសមុទ្ធរាមបានផ្ទុះតែម្តង អាចនឹងមានការលេចធ្លាយទុយោប្រេងបានវាផ្ទុះស្សេ ឆេះផ្ទុះធុងសាំងប្រេងតែម្តង ឆេះយ៉ាងសន្ធោរសន្ធៅជាទីបំផុត។ នៅលើទូក ៦នាក់ រងរបួសស្រាល ៣នាក់ និងម្នាក់រងរបួសធ្ងន់៕ រក្សាសិទ្ធិដោយៈ ចេស្តារ


