Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ណែនាំ​អភិបាល​ឲ្យ​ចូលរួម​អនុវត្ត​សេចក្តីសម្រេច រាជរដ្ឋាភិបាល​ស្តីពី​ការបិទ​ទីតាំង​នឹង​ហាម​ធ្វើដំណើរ​ឆ្លងខេត្ត​

​តាកែវ ៖ អភិបាល​ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើ​ការណែនាំ​ទៅដល់​អភិបាលក្រុង​ស្រុក​ទាំង​១០ ត្រូវ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​បាន​ម៉ត់ចត់ និង​ណែនាំ​ទៅដល់​ម្ចាស់​ទីតាំង ទេសចរណ៍​ទាំងអស់ ជាពិសេស​ផ្លូវ​នៅជាប់​គោលដៅ​ព្រំប្រទល់​ខេត្តតាកែវ​ជាមួយនិង កំពត កំពង់ស្ពឺ និង​ខេត្តកណ្តាល ត្រូវតែ​ចូលរួម​អនុវត្ត​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ​និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ។​

​ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ​លើកឡើង​បែបនេះ នៅក្នុង​អង្គប្រជុំ​ក្នុង​ជួរ​គណៈ​អភិបាលស្រុក​និង​ក្រុង កាលពី​ថ្ងៃទី ០៧ ខែមេសា ឆ្នាំ​២០២១ ក្រោយ​មានការ​ចេញ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណី​ដ្ឋា​ន​ទេសចរណ៍​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ទៅដល់​សហគមន៍​កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ​ថែមទៀត ដូច្នោះ​សូម​លោក​អភិបាលក្រុង​ស្រុក និង​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ពិសេស​បណ្តា​ស្រុក​ដែល​ជាប់​ខេត្តកំពត កំពង់ស្ពឺ និង​ខេត្តកណ្តាល ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់ ពង្រឹង​តាម​គោលដៅ​ដែលមាន​ស្រាប់​ធ្វើយ៉ាងណា គឺ​រាំងខ្ទប់​ការធ្វើដំណើរ​ឆ្លងខេត្ត​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​រយៈពេល​១៤​ថ្ងៃនេះ អោយបាន​តឹងរ៉ឹង​បំផុត​។​

ឯកឧត្តម​អភិបាលខេត្ត បន្ថែមទៀតថា ទន្ទឹមនឹង​ការចុះ​ត្រួតពិនិត្យ និង​ពង្រឹង​ក៏ដូចជា​ការហាមឃាត់​ការធ្វើដំណើរ​ឆ្លងកាត់​ខេ​ត្ត​នេះ អាជ្ញាធរ​មូលដ្ឋាន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ ផងដែរ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដែល​រៀបចំ​កម្មវិធី​ជួបជុំ​បងប្អូន ដែលមាន​លក្ខណៈ​អ៊ូរ​អរ និង​មាន​មនុស្ស​ច្រើន ត្រូវតែ​ណែនាំ​ពួកគាត់​អោយ​អនុវត្ត​នូវ​វិធានការណ៍​៣​កុំ និង​៣​ការពារ​អោយបាន​ខ្លាំងខ្លា​បំផុត ពោលគឺ​ជៀសវាង​ដាច់ខាត​នូវ​ការជួបជុំ​ដែលមាន​មនុស្ស​ច្រើន និង​អ៊ូរ​អរ នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ។​

ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា ក៏បាន​ណែនាំ​បន្ថែមទៀត​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​វិធានការណ៍​៣​កុំ​និង​៣​ការពារ នៅតាម​ទីវ​ត្ត​អារាម​ទាំងអស់ និង​ហាម​មិនឱ្យ​រៀបចំ​កម្មវិធី​កម្សាន្ត​សប្បាយ​នានា​ទាំងអស់ ។ ម្យ៉ាងទៀត​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក៏​ត្រូវតែ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់ ដោយ​ធានា​ភូមិ​ឃុំ​មាន​សុ​ត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ក្នុង​មូលដ្ឋាន​ខេត្តតាកែវ​នេះ ៕​រក្សា​សិទ្ធិ​ដោយ​៖ តាកែវ​

×