Sunday, September 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្តិសុខ ធានា​គារ ABA ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅកាន់​តុលាការ​, មេធាវី​៩​រូប ស្ម័គ្រចិត្ត​ការពារ​ក្តី​

​ភ្នំពេញ ៖ ជនសង្ស័យ ភឿន ភិ​រៈ ជា​សន្តិសុខ ធានា​គារ ABA​ដែល​បាញ់​យុវជន​ម្នាក់​ស្លាប់ ត្រូវបាន​កម្លាំង​នគរបាល​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ​។​

​មេធាវី​៩​រូប មកពី​ក្រុមហ៊ុន​មេធាវី ដ័ន & ដ័ន និង​ក្រុមហ៊ុន​មេធាវី​លី​ហ្គ​ល​ថោ​ន បានរួម​គ្នា​ការពារ​ក្តី​ជូន​លោក ភឿន ភិ​រៈ សន្តិសុខ​ធានា​គារ ABA ដែល​បាន​ជាប់ចោទ​ក្នុង​សំណុំរឿង​ហិង្សា​ផ្ទុះអាវុធ​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់ នៅក្រោម​ស្ពាន​អាកាស​ទឹកថ្លា កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២១​កន្លងទៅនេះ​។​

​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​ក្រុម​មេធាវី​បាន​គូសបញ្ជាក់ថា ការជួយ​ការពារ​ក្តី​ដោយសារ​មើលឃើញ​ស្ថានភាព​គ្រួសារ​ជនសង្ស័យ ភឿន ភិ​រៈ ជា​កូនកំព្រា​ឪពុក និង​ជា​អតីត​ត​បញ្ញវន្ត​ដែល​បានទទួល​អាហារូបករណ៍​នៅ​ដេ​ប៉ា​តឺ​ម៉​ង់​ផ្នែក​ភាសា​បារាំង នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្រុម​មេធាវី បាន​អះអាងថា ការ​ស្វះស្វែង​គាំពារ​ផ្នែក​ច្បាប់​នេះ ដើម្បី​ការពារ​សិទ្ធិ​ជនសង្ស័យ​ក្នុងការ​ទទួលបាន​យុត្តិធម៌ តាម​នីតិវិធី​ច្បាប់​។​

​មេធាវី​ទាំង​៩​រូប ដែល​បាន​ស្ម័គ្រចិត្ត​ចូលខ្លួន​ការពារ​ក្តី​ដោយ​មិន​គិតថ្លៃ​ជូន​លោក ភឿន ភិ​រៈ នេះ​រួមមាន​៖ មេធាវី អ៊​ន ហ៉ី​ង​, មេធាវី នី ចាន់​ឌី​, មេធាវី ឈរ ស៊ុន​ហុង​, មេធាវី ស៊ឹង ច័ន្ទ​កន្និកា​, មេធាវី សាន សុ​ផា​, មេធាវី ណែ​ប ម៉ូ​នី​កា​, មេធាវី ឆន សំណាង​, មេធាវី ប៉ាល់ វណ្ណា​រី និង​មេធាវី អោម ប៊ុន​ថា​។​

​សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​០៦ ខែមេសា កន្លងទៅនេះ មាន​កើត​ករណី​ហិង្សា​មួយ​លើ​ដង​វិថី​ក្រោម​ស្ពាន​អាកាស​ទឹក​ថ្លៃ​រវាង​សន្តិសុខ​ធនាគារ ABA លោក ភឿន ភិ​រៈ អាយុ ៣៦​ឆ្នាំ ជាមួយ​យុវជន​ម្នាក់​។ អំពើហិង្សា​បាន​ឈានដល់​ការផ្ទុះអាវុធ​បណ្តាលឱ្យ​យុវជន ដែល​គេ​អះអាងថា បែក​ថ្នាំ​ផង​នោះ ស្លាប់បាត់​បង់ជីវិត ពេល​រូបគេ​កាន់​កាំបិត​សម្តៅ​ចូលទៅ​ចាក់​បុរស​សន្តិសុខ និង​ជា​ជនសង្ស័យ​ក្នុង​សំណុំ​រឿងនេះ​។​

ជុំវិញ​ករណី​ហិង្សា​នេះ អ្នកលេង​បណ្តាញ​សង្គម រួមទាំង​អ្នកច្បាប់​មួយចំនួន​ផង បានចាត់ទុក​ការបាញ់​របស់លោក ភឿន ភិ​រៈ ទៅលើ​ជនរងគ្រោះ គ្រាន់តែ​ជា​ករណី​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ អ្នកលេង​បណ្តាញ​សង្គម​ចង់ឃើញ​ស្ថាប័ន​តុលាការ​ថ្លឹងថ្លែង​លើ​អង្គហេតុ​នៃ​អំពើហិង្សា និង​ផ្តល់​ការអនុគ្រោះ​ដល់​ជនសង្ស័យ​។​

​ឧ​ត្ត​ម​សេនីយ៍ ទី ចំរើន​កុសល បានលើកឡើង​ថា​លើក​ក្រោយនេះ ជា​បទពិសោធន៍​សម្រាប់​អ្នកមាន​អាវុធខ្លី​ជាប់​ខ្លួន !

​បើជា​អ្នក​វិញ​តើ​អ្នកធ្វើ​យ៉ាងណា​នៅក្នុង​អង្គហេតុ​មួយ​នេះ​?
១-​បាញ់​ឡើងលើ​គម្រាម​ឲ្យ​ទម្លាក់​កាំបិត​ចុះ​?
២-​បាញ់​ដៃ ឬ​បាញ់​ជើង​ដើម្បី​ឲ្យ​ខ្មាន់​កាន់​កាំបិត​ទម្លាក់អាវុធ​ចុះ​?
៣-​រត់​យករួចខ្លួន និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគមន៍​?

​ផ្ញើរ​ជូន​ប្អូនៗ​ដែល​ទើបបាន​តាំងស៊ប់​ចូល​បម្រើ​ក្នុង​កង​ជួរ​ក្របខ័ណ្ឌ​កងកម្លាំងប្រដាប់អាវុធ !

​មិន​ថា​អ្នកណា​ជា​អ្នកណា​ទេ នៅពេលដែល​បាន​ចូល​ក្របខ័ណ្ឌ​តាំងស៊ប់​ជា​នគរបាលជាតិ ឬ​ខេ​មរ​:​ភូ​មិ្ទ​ថ្មីៗ ភាគច្រើន​ប្អូនៗ​តែងតែ​មានបំណង​ចង់បាន​អាវុធខ្លី​ដើម្បី​ប្រើប្រាស់​។​

កន្លងមក​ខ្ញុំ​ធ្លាប់បាន​សួរ​ប្អូនៗ​មួយចំនួន​ថា​តើ​ចាំបាច់​អី​ត្រូវមាន​អាវុធ​ដាក់​ជាប់​ខ្លួន ភាគច្រើន​លើសលុប​បាន​ឆ្លើយថា​ទុក​ការពារ​ខ្លួន​។

កន្លងមក​ខ្ញុំ​ក៏​ធ្លាប់បាន​បង្ហោះ​រឿង​អាវុធ​នេះដែរ​ថា​មាន​វា​ជាប់​ខ្លួន​មិន​ប្រាកដថា​ជួយ​ម្ចាស់​វា​គ្រប់ពេល​នោះទេ វា​នឹង​នាំទុក្ខ​ដាក់ខ្លួន​ច្រើនជាង​នាំ​សុខ បើសិន​ម្ចាស់​វា​គ្រប់គ្រង​ខ្លួនឯង​អត់​បាន ឬ​ចេះ​ច្បាប់​អត់​ដល់ ។

​ជាក់ស្តែង​ដូច​អង្គហេតុ​មួយ​នេះ​អញ្ចឹង បើសិនជា​ខ្មាន់កាំភ្លើង​គាត់​គ្មាន​អាវុធ​នៅ​នឹង​ដៃ​ទេ ខ្ញុំ​គិតថា​គាត់​នឹង​រត់​យករួចខ្លួន​តែម្តង ប៉ុន្តែ​ដោយសារ​តែមាន​អាវុធ​នៅជាប់​នឹង​ខ្លួន​ទើប​ធ្វើ​ឲ្យ​គាត់​ហ៊ាន​ដើម្បី​តតាំង​ជាមួយ​ជន​ដែល​កាន់​កាំបិត​។​

នៅក្នុង​អង្គហេតុ​នេះ​ខ្មាន់កាំភ្លើង​ប្រាកដជា​ឆ្លើយថា​ការពារ​ខ្លួន​ដោយ​ស្របច្បាប់​តាម​មាត្រា​៣៣ នៃ​ក្រមព្រហ្មទណ្ឌ ប៉ុន្តែ​មាត្រា​ខាងលើ​បានចែង​ច្បាស់លាស់​ណាស់ បើ​អ្នកវិភាគ​មិន​ដល់ យល់​មិន​ច្បាស់​ហើយ​យក​វា​មក​អនុវត្ត​ក៏​នាំទុក្ខ​ដាក់ខ្លួន​ដែរ​។​

​សូម​ប្អូនៗ​ដែល​ទើបបាន​ក្របខ័ណ្ឌ​កងកម្លាំង​ថ្មីៗ និង​មានបំណង​ចង់បាន​អាវុធខ្លី​ដើម្បី​យក​ដាក់​តាម​ខ្លួន ត្រូវមាន​ចិត្ត​ឲ្យ​ធ្ងន់ និង​យល់ដឹង​ឲ្យ​ច្បាស់លាស់​ពី​សិទ្ធិ​ការពារ​ខ្លួន​មុន​សម្រេចចិត្ត​ដកយក​អាវុធ​មកប្រើប្រាស់​។​

​ខ្ញុំ​រៀបរាប់​ខាងលើ​មិនមែន​ចោទថា​ខ្មាន់កាំភ្លើង​ខុស​ទេ គឺមាន​គោលបំណង​ឲ្យ​ប្អូនៗ​ទើបបាន​ក្របខ័ណ្ឌ​កងកម្លាំងប្រដាប់អាវុធ​តាំង​ស៊ុប​ថ្មីៗ​ត្រូវ​គិត​ឲ្យ​បាន​វែងឆ្ងាយ និង​យក​រឿង​មួយ​នេះ​មក​ធ្វើជា​ឧទាហរណ៍ មុន​សម្រេចចិត្ត​មាន​អាវុធ​ដាក់​ជាប់​នឹង​ខ្លួន​។​

​ខ្ញុំ​សូម​ជូនពរ​ឲ្យ​ក្មាន់កាំភ្លើង​នៅក្នុង​អង្គហេតុ​នេះ​បាន​រួចផុត​ពីបទ​ចោទ ៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×