ភ្នំពេញ ៖ ជុំវិញករណីសន្តិសុខនៃធនាគារ ABA បានផ្ទុះអាវុធចំនួន៣គ្រាប់ បណ្តាលឲ្យបុរសម្នាក់ដែលគេអះអាងថា អាចជាមនុស្សបែកថ្នាំ ស្លាប់ ក្រោយទាញកាំបិតដេញចាក់គាត់ ឃើញថាមានការយកចិត្តទុកដាក់ជាខ្លាំង ពីសំណាក់មហាជនទូទៅ ដោយក្នុងនោះ ពួកគេក៏បានស្នើដល់តុលាការមេត្តាលើកលែងទោសឲ្យគាត់ផង ព្រោះថាគាត់សម្រេចធ្វើបែបនេះក៏ដើម្បីការពារខ្លួនប៉ុណ្ណោះ។
ដោយមើលឃើញពីទិដ្ឋភាពនោះ ហាក់សមហេតុផល និងណាមួយទៀត មានក្តីអាណិតទៅដល់ជនសង្ស័យជាសន្តិសុខឈ្មោះ ភឿន ភិរៈ ជាមនុស្សល្អ និងជាអតីតបញ្ញវ័ន្តមួួយរូប ដែលបានទទួលអាហារូបករណ៍នៅដេប៉ាតឺម៉ង់ផ្នែកភាសាបារាំង នៅសាកសលវិទ្យាល័យភូមិន្ទភ្នំពេញ មេធាវីចំនួន ៩ រូប មកពីក្រុមហ៊ុនមេធាវី ដ័ន & ដ័ន និងក្រុមហ៊ុនមេធាវីលីហ្គលថោន បានរួមគ្នាការពារក្តីជូនគាត់។
មេធាវីទាំង៩រូប ដែលស្ម័គ្រចិត្តចូលខ្លួនមកការពារក្តីជូនសន្តិសុខកំសត់ខាងលើ ក្នុងនោះរួមមាន៖ មេធាវី អ៊ន ហុីង, មេធាវី នី ចាន់ឌី, មេធាវី ឈរ ស៊ុនហុង, មេធាវី ស៊ឹង ច័ន្ទកន្និកា, មេធាវី សាន សុផា, មេធាវី ណែប ម៉ូនីកា, មេធាវី ឆន សំណាង, មេធាវី ប៉ាល់ វណ្ណារី និងមេធាវី អោម ប៊ុនថា។
គួររម្លឹកថា កាលពីវេលាម៉ោងប្រមាណជាង ៩ យប់ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ នៅចំណុចធនាគារ ABA ជាប់នឹងស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឲ្យបុរសម្នាក់ដែលត្រូវបានដឹងថាជាអ្នករើសអេតចាយ និងទំនងបែកថ្នាំ ស្នាក់នៅខាងក្រោមស្ពាន ស្លាប់ភ្លាមៗនៅនឹងកន្លែង។
រឿងហេតុ គឺផ្តើមចេញពីជនរងគ្រោះ បានដេញវាយគ្នាឯងរត់ចូលកន្លែងសន្តិសុខ កំពុងយាមកាមនៅមុខធនាគារ ហើយនៅពេលនោះ សន្តិសុខដែលមានកាំភ្លើង ក៏បានដេញពួកគេឲ្យចាកចេញពីកន្លែងពួកគាត់គ្រប់គ្រង រហូតធ្វើឲ្យជនរងគ្រោះផ្ទុះកំហឹង ស្ទុះវាយប្រតប់មកលើរូបគាត់មួយប្រាវ ហើយក៏រត់ទៅកន្លែងខ្លួនស្នាក់នៅក្រោមស្ពានវិញ។ តែទោះយ៉ាងណា មួយសន្ទុះក្រោយមក ជនរងគ្រោះក៏បានទាញកាំបិតចុងស្រួច រត់សំដៅមកចាក់សន្តិសុខទាំងកម្រោលតែម្តង។ ប៉ុន្តែ ដោយសារតែមិនអាចរត់គេចពីការដេញចាក់ពីសំណាក់ជនរងគ្រោះ នៅទីបំផុត សន្តិសុខក៏បានសម្រេចចិត្តបាញ់ចំនួន៣គ្រាប់ និងគ្រាប់ចុងក្រោយ ត្រូវចំកន្លែងសំខាន់បណ្តាលឲ្យដេកដួលស្លាប់ភ្លាមៗតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








