ភ្នំពេញ ៖ តបតាមលិខិតអញ្ជើញជាផ្លូវការរបស់លោក Umesh Sinha អគ្គលេខាធិការ គ.ជ.ប ឥណ្ឌា លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប កម្ពុជា បានចាត់តាំងមន្រ្តី ជាន់ខ្ពស់ គ.ជ.ប ចំនួន ៥រូប ដឹកនាំដោយលោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដើម្បីចូលរួមកម្មវិធី សង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ចំនួន ៥រដ្ឋ នៃប្រទេសឥណ្ឌា ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ។
ការសង្កេតការណ៍នេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។
លោក ម៉ុក ដារ៉ា បានមានប្រសាសន៍ថា ការចូលរួមសង្កេតការណ៍តាមប្រព័ន្ធអនឡាញ គឺជាការផ្តល់ឱកាសដល់ គ.ជ.ប កម្ពុជា បានសិក្សាស្វែងយល់ និងសង្កេតមើលពីដំណើរការនៃការបោះឆ្នោត នៅប្រទេសមួយដែលមានប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាកម្រិតខ្ពស់ ជាពិសេសក្នុងបរិបទនៃការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ គ.ជ.ប ឥណ្ឌា បានយកចិត្តទុកដាក់ខ្លាំងលើវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ដែលរួមមាន ការតម្រង់ជួរដោយរក្សាគម្លាតសុវត្ថិភាពបុគ្គល ការពិនិត្យកម្តៅ ការពាក់ម៉ាស ឬរបាំងមុខ ពាក់ស្រោមដៃ និងបាញ់អាល់កុល សម្រាប់អ្នកបោះឆ្នោត ហើយមន្រ្តីបោះឆ្នោតត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ គ្រប់ៗគ្នា។
ប្រទេសឥណ្ឌាបាន និងកំពុងរៀបចំការបោះឆ្នោតនៅក្នុងរដ្ឋចំនួន ៥ គឺរដ្ឋ Assam រដ្ឋ Kerala រដ្ឋ Tamil Nadu រដ្ឋ West Bengal និងដែនដីសហភាព Union Territory of Puducherry។
ចំពោះការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភា ឆ្នាំ២០២១ ក្នុងរដ្ឋទាំង ៥នេះ លោក ម៉ុក ដារ៉ា បានកត់សម្គាល់អំពីតួលេខសំខាន់ៗ រួមមាន៖
- មណ្ឌលបោះឆ្នោត មានចំនួន ៨២៤ មណ្ឌល
- ការិយាល័យបោះឆ្នោត មានចំនួន ១៥៣,៥៣៨ ការិយាល័យ
- ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួនប្រមាណ ១០៧ លាននាក់
- អ្នកបោះឆ្នោតក្នុងមួយការិយាល័យត្រូវកាត់បន្ថយមកត្រឹម ១,០០០ នាក់ ដោយសារត្រូវរក្សា គម្លាតសុវត្ថិភាពបុគ្គល ស្របតាមវិធានសុខាភិបាល
- អ្នកសង្កេតការណ៍ មានចំនួន ៥៦៥ នាក់
កម្មវិធីសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញនៅប្រទេសឥណ្ឌា ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួមសង្កេតការណ៍ពីប្រតិភូ ចំនួន ១១០រូប មកពី ២៦ ប្រទេសផ្សេងទៀត ព្រមទាំងមានការចូលរួមពីអង្គការអន្តរជាតិចំនួន ៣ទៀត រួមមាន៖
- អង្គការមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត (IFES)
- វិទ្យាស្ថានអន្តរជាតិដើម្បីប្រជាធិបតេយ្យ និងជំនួយផ្នែកបោះឆ្នោត (International IDEA)
- សមាគមនៃស្ថាប័នបោះឆ្នោតពិភពលោក (A-WEB) និងការចូលរួមសង្កេតការណ៍ពីអគ្គរដ្ឋទូតនៃប្រទេស Georgia
អគ្គរដ្ឋទូតនៃប្រទេស Uzbekistan ឧត្តមស្នងការស្តីទីនៃប្រទេស Sri Lanka និងសមាជិកអង្គទូតផ្សេងៗទៀតផងដែរ។
សូមជម្រាបជូនថា នេះ គឺជាលើកទី២ ហើយ ដែល គ.ជ.ប កម្ពុជាបានចូលរួមសង្កេតការណ៍បោះឆ្នោតតាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោតនៅប្រទេសឥណ្ឌា។ ការសង្កេតការណ៍លើកទី១ គឺការចូលរួមសង្កេតការណ៍បោះឆ្នោតនៅរដ្ឋប៊ីហារនៃប្រទេសឥណ្ឌា៕ រក្សាសិទ្ធិដោយៈ ចេស្តារ





