Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យមន្រ្តីដែលមិនទាន់ចាក់វ៉ាក់សាំង តម្រូវឱ្យចាក់គ្រប់គ្នា មិនលើសពី១សប្តាហ៍នោះទេ

ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ជម្រុញកម្លាំងនគរបាលរាជធានីភ្នំពេញដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ ត្រូវនាំគ្នាមកទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា មិនឱ្យលើសពី១សប្តាហ៍នេះទេ ក្រោយពីមានការបញ្ជាផ្ទាល់យ៉ាងមុតមាំពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តម្រូវឱ្យនគរបាលនៅតាមនាយកដ្ឋាន រាជធានី ខេត្តទាំងអស់ ត្រូវចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា មិនឱ្យលើសពី១សប្តាហ៍នេះទេ លើកលែងតែមន្រ្តីនគរបាលមានអាការៈជំងឺធ្ងន់ធ្ងរ។

នៅគ្រាដែលសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុនសែនបានដាក់បទបញ្ជាក្នុងសប្តាហ៍នេះចំពោះមន្រ្តីបំរើការងារនៅតាមក្រសួងស្ថាប័ន ឬអង្គភាពចំណុះ រាជរដ្ឋាភិបាល ដែលអ្នកមិនមកទទួលចាក់វ៉ាក់សាំងគឺមិនចាំបាច់មកធ្វើការនៅ ក្នុងក្រសួង ស្ថាប័នឬនៅអង្គភាពរដ្ឋនោះឡើយ។ខណៈដែលគេមើលឃើញថាបញ្ហាជំងឺឆ្លងកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ កាន់តែមានស្ថានភាពស្រួចស្រាល់ ដោយនៅក្នុងរាជធានីភ្នំពេញ ជំងឺកាចសាហាវនេះបានឆ្លងរាលដាលដល់អាជីវករ សន្តិសុខ នៅក្នុងផ្សារអូរប្ញស្សី និងបន្តឆ្លងរាលដាលចូលរោងចក្រកាត់ដេរ ឌីន ហាន នៅក្នុងខណ្ឌមានជ័យផងដែរ។បើយោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលឱ្យដឹងថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គិតត្រឹមវេលាម៉ោង០៣រសៀល ថ្ងៃទី០៩ខែមេសា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងកូវីដ១៩សរុប៥៧៦នាក់ គឺជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ នៅថ្ងៃនេះគ្មានអ្នកស្លាប់ និងអ្នកជាសះស្បើយចំនួន៧០នាក់។ ដោយអត្រាអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺមានចំនួន២៤នាក់។


ការចាក់វ៉ាក់សាំងជូនមន្រ្តីនគរបាលរាជធានីភ្នំពេញបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ ដែលទទួលបានការចាក់វ៉ាក់សាំងប្រភេទ(ស៊ីណូវ៉ាក់)ក្រោមការត្រួតពិនិត្យពីលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្ស និងលោកឧត្តមសេនីយ៍ទោ បេង ដាណារ៉ា ស្នងការរងទទួលផែនការភស្ថុភារនិងហិរញ្ញវត្ថុ ដែលជាតំណាងឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដដែលនេះផងដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានទទួលការឧបត្ថម្ភនូវទឹកសុទ្ធចំនួន២៥០កេស ពីបុត្រារបស់ម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ដើម្បីលើកទឹកចិត្តជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ដែលជាកម្លាំងជួរមុខកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកសហការជាមួយ ក្រសួងសុខាភិបាល ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ការឧបត្ថម្ភជាទឹកសុទ្ធពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី បុត្រាសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅពេលនេះ បន្ទាប់ពីបុត្រាច្បងសម្តេចតេជោនាយករដ្ឋមន្រ្តី គឺឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ទើបជួយឧបត្ថម្ភជាថ្នាំពេទ្យ និងម៉ាស់ជាច្រើន ជូនដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបំពេញតម្រូវការចាំបាច់ប្រើប្រាស់បង្ការជំងឺឆ្លងកូវីដ១៩ ។ការជួយឧបត្ថម្ភអំណោយជាបន្តបន្ទាប់ពីសំណាក់បុត្រាសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ជូនដល់កម្លាំងនគរបាលរាជធានីភ្នំពេញ គឺជាការបង្ហាញនូវ ការយកចិត្តទុកដាក់ខ្ពស់ផុតពីសុខភាពពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជូនដល់កងកម្លាំងជួរមុខ ដែលបានខិតខំប្រឹងប្រែងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

នៅក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកឡើងសំដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ដែលបានគិតគូសុខទុក្ខដល់កម្លាំងនគរបាលរាជធានីភ្នំពេញ ។នេះជាកាយវិកាដ៏សប្បុរស និងការចែករំលែក ដើម្បីជាការលើកទឹកចិត្តដល់កម្លាំងជួរមុខ កំពុងតែប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩នេះ៕ រក្សាសិទ្ធិ ដោយៈ ចេស្តារ

×