ស្ទឹងត្រែង ៖ ភ្លៀងធ្លាក់ខែដើមឆ្នាំហ៊ីងចេញពីក្នុងដី ក្រោយលាក់ខ្លួនពេញមួយឆ្នាំស្រែកយំខ្លាំងៗ តាមថ្លុកត្រពាំងវាលស្រែដងអូរ ត្រូវមនុស្សចាប់យកមកធ្វើម្ហូប។
ស្ត្រីមាឌធំម្នាក់អង្គុយលក់ហ៊ីងនៅផ្សារស្ទឹងត្រែង ព្រឹកថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២១ បានប្រាប់ថា គាត់ទទួលទិញហ៊ីងទាំងការ៉ុង យកមកដាក់លក់នៅផ្សារសាមគ្គីស្ទឹងត្រែងក្នុង ១ គីឡូក្រាម តម្លៃទាបបំផុតក៏ ១៥០០០រៀល ។
អ្នកលក់ហ៊ីងបាននិយាយទៀតថា ហ៊ីងនៅថ្ងៃដំបូងខែភ្លៀងធ្លាក់ដើមឆ្នាំ មានពងពេញពោះខ្លាញ់ល្អណាស់។ បើសិនជាភ្លៀងធ្លាក់ជោកជាំហ៊ីងស៊ីចំណីសត្វល្អិត ដូចជាស្រមោចកណ្ដៀរពេញពោះមិនឆ្ងាញ់ទេ។
អ្នកខេត្តស្ទឹងត្រែងនិយមចាប់ហ៊ីងមកត្រាំទឹកអំបិល ដើម្បីឲ្យវាផឹកចូលក្នុងពោះ រួចយកទៅអាំងចុចជាមួយទឹកជ្រលក់ ឬក៏ស្ងោរជ្រក់តាមចិត្តចង់ឆ្ងាញ់ពិសា។
សត្វហ៊ីងគឺជានាមសព្ទសត្វមួយប្រភេទ សន្ដានកង្កែប តែសណ្ឋានមាឌត្រមុល បំប៉ោងខ្លួនបាន, បង្កប់ខ្លួននៅក្នុងដីសើម ឬក្នុងគំនរស្លឹកឈើសើម កាលណាមានភ្លៀងចេញមកខាងក្រៅ តែងស្រែកយំឮសូរខ្លាំងហួសមាឌ។ ហ៊ីង មាន៣ប្រភេទគឺ ហ៊ីងកណ្ដោល ឬ ហ៊ីងក្រូត មាឌធំជាងហ៊ីងឯទៀត យំឮក្រេតក្រូតៗ; ហ៊ីងជ័រ មាឌតូចជាងហ៊ីងកណ្ដោល មានជ័រស្អិតនៅលើស្បែក យំឮសូរតូចស្រួចក្ងួ; ហ៊ីងចំបក់ មាឌតូចជាងហ៊ីងជ័រ យំឮសូរខ្សោយជាងហ៊ីងជ័រ៕ រក្សាសិទ្ធិដោយ:សុខុម