ភ្នំពេញ ៖ រថយន្តស៊េរីទំនើប មួយគ្រឿងបត់ត្រឡប់ក្រោយខ្វះការប្រុងប្រយ័ត្ន បណ្ដាលឱ្យម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីដែលបើកស្របទិសពីក្រោយ ជ្រុលល្បឿនបុកចំផ្នែកខាងមុខចំហៀងខាងឆ្វេងពេញទំហឹង រងការខូចខាតបន្តិចបន្ទួច តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ និង ៤០ នាទីព្រឹកថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខភោជនីយដ្ឋានចតុមុខ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅត្រង់ចំណុចកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបម៉ាក Maserdes ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកដោយនារីម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីជើងទៅត្បូង ខណៈពេលមកដល់ចំណុចកើតហេតុរថយន្តក៏បួងចង្កូតបម្រុងបត់ឆ្វេងត្រឡប់ក្រោយ តែខណៈពេលកំពុងបត់បានបន្តិច ស្រាប់តែមានម៉ូតូសណ្ដោងរ៉ឺម៉កដឹកត្រីមួយគ្រឿង ដែលធ្វើដំណើរតាមទិសដៅស្របទិសគ្នា ចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលល្បឿន ទៅបុករថយន្តស៊េរីទំនើបចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង រងការខូចខាតបន្តិចបន្ទួច និងទាមទាសំណងចំនួន1000$ ចំណែកអ្នកបើករ៉ឺម៉កគ្មានលុយ ព្រោះខ្លួនស៊ីស្នួលដឹកឲ្យគេមួយជើងបានតម្លៃស្នួល២៥០០០រៀល ក្នុងរយៈចម្ងាយពីព្រែកព្នៅដល់ផ្សារទួលទំពូង។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជំនាញចរាចរណ៍ខណ្ឌ បានចុះដល់ទីតាំងកើតហេតុ រួចធ្វើការគូសវាសយកចូលគៀន ដើម្បីបញ្ជៀសការកកស្ទះ ខណៈដែលបើកចូលគៀន ម្ចាស់រថយន្តបើកបង្ហួសបាត់ស្រមោល ចំណែករ៉ឺម៉កសមត្ថកិច្ចក៏ឲ្យទៅតាមក្រោយដែរ៕ រក្សាសិទ្ធិដោយ៖ សារឿន












