Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមវេជ្ជបណ្ឌិតជប៉ុន អះអាងថា បានវះកាត់ផ្លាស់ប្តូរសួតបរិច្ចាគឲ្យអ្នកជំងឺកូវីដ១៩ ដែលខូចសួតធ្ងន់ធ្ងរ បានដោយជោគជ័យ

ក្រុមគ្រូពេទ្យនៅប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ថា ពួកគេបានធ្វើការវះកាត់ប្តូរសួតដំបូងបង្អស់នៅលើពិភពលោក ដោយជោគជ័យ ពីម្ចាស់ជំនួយដែលកំពុងមានជីវិត ទៅឲ្យអ្នកជំងឺដែលមានការខូចខាតសួតធ្ងន់ធ្ងរពី Covid-19 ។

មន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកទទួលដែលត្រូវបានគេស្គាល់ថា ជាស្ត្រីមកពីតំបន់ Kansai ភាគខាងលិចនៃប្រទេសជប៉ុន បាននិងកំពុងជាសះស្បើយឡើងវិញ បន្ទាប់ពីប្រតិបត្តិការជិត ១១ ម៉ោង កាលពីថ្ងៃពុធ។

ក្នុងសេចក្តីថ្លែងការណ៍ក៏បាននិយាយថា អ្នកជំងឺទទួលបានផ្នែកសួតពីកូនប្រុស និងប្តីរបស់នាង បន្ទាប់ពីសរីរាង្គរបស់នាង ត្រូវបានខូចខាតដែលបណ្តាលមកពីជំងឺសរសៃឈាម។ ហើយបើទោះជាបានបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ទៅឲ្យមនុស្សជាទីស្រឡាញ់យ៉ាងណាក្តី តែប្តី និងកូនរបស់នាង ក៏ស្ថិតក្នុងស្ថានភាពថេរផងដែរ។

សាកលវិទ្យាល័យបាននិយាយថា វាជាការប្តូរជាលិកាសួតដំបូងគេបំផុតនៅលើពិភពលោក ពីម្ចាស់ជំនួយដែលកំពុងរស់រានមានជីវិត ទៅឲ្យមនុស្សម្នាក់ដែលមានការខូចខាតសួត។ ការប្តូរឈាមពីអ្នកបរិច្ចាគខួរក្បាលនៅប្រទេសជប៉ុន នៅតែកម្រមានណាស់ ហើយម្ចាស់ជំនួយដែលកំពុងនៅរស់ ត្រូវបានគេចាត់ទុកថាជាជម្រើសជាក់ស្តែង សម្រាប់អ្នកជំងឺ។

លោកវេជ្ជបណ្ឌិត Hiroshi Date ជាគ្រូពេទ្យវះកាត់នៅមន្ទីរពេទ្យតូក្យូ ដែលដឹកនាំការវះកាត់នេះ បាននិយាយថា “យើងបានបង្ហាញថា ឥឡូវនេះយើងមានជម្រើសនៃការប្តូរសួតពីអ្នកបរិច្ចាគដែលកំពុងនៅរស់”។ លោកបានមានប្រសាសន៍ថា “ខ្ញុំគិតថានេះគឺជាការព្យាបាលដែលផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺ” ជាមួយនឹងការខូចខាតសួតធ្ងន់ធ្ងរពី Covid-19 ។

សូមបញ្ជាក់ថា ស្រ្តីអ្នកជំងឺត្រូវបានគេដាក់នៅលើម៉ាស៊ីនទ្រទ្រង់ជីវិត ដែលធ្វើការជាសួតសិប្បនិម្មិត អស់រយៈពេលជាង ៣ ខែ នៅមន្ទីរពេទ្យមួយផ្សេងទៀត ដោយសារតែសួតរបស់នាងត្រូវខូចខាតយ៉ាងខ្លាំង។

សាកលវិទ្យាល័យបាននិយាយថា សូម្បីតែបន្ទាប់ពីនាងគ្មានមេរោគក៏ដោយ តែសួតរបស់នាងលែងមានមុខងារ និងអាចព្យាបាលបានទៀតឡើយ ហើយជម្រើសតែមួយគត់សម្រាប់នាង ដើម្បីរស់ គឺទទួលការប្តូរសួត។

ប្តីនិងកូនប្រុសរបស់នាងបានស្ម័គ្រចិត្តបរិច្ចាគផ្នែកខ្លះនៃសួតរបស់ពួកគេ ហើយការវះកាត់ត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យសាកលវិទ្យាល័យក្យូតូ ដោយមានសមាជិក ៣០ នាក់ ដឹកនាំដោយវេជ្ជបណ្ឌិត Date ។ ប្តីរបស់នាងបានបរិច្ចាគសួតខាងឆ្វេងរបស់គាត់ ខណៈកូនប្រុសបានផ្តល់សួតខាងស្តាំរបស់គេមួយផ្នែក។

សាកលវិទ្យាល័យបាននិយាយថា អ្នកជំងឺត្រូវបានគេរំពឹងថា នឹងអាចចាកចេញពីមន្ទីរពេទ្យក្នុងរយៈពេលប្រហែល ២ ខែ ហើយអាចវិលត្រឡប់ទៅរកជីវិតធម្មតាវិញ ក្នុងរយៈពេលប្រហែល ៣ ខែ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ scmp)

×