នារីនៅចិនជាង ១០០នាក់ កន្លងមកត្រូវបានក្រុមចងការ “ថ្ងៃ” ក្នុងអត្រាការប្រាក់ខ្ពស់បង្ខំឲ្យស្រាតននលគោក ដៃកាន់អត្តសញ្ញាណប័ណ្ណដើម្បីថតរូប នេះជាទ្រព្យតម្កល់ ប្រសិនបើចង់ខ្ចីលុយបាននោះ។ file រូបភាពមួយដែលមានផ្ទុកនូវរូបភាពនិងវីដេអូអាក្រាតកាយរបស់នារីវ័យក្មេង ១៦៧នាក់ ត្រូវបានបង្ហោះឡើងលើបណ្តាគេហទំព័របណ្តាញសង្គមចិន ហើយពិតណាស់វាត្រូវបានចែករំលែកក្នុងល្បឿន “វិលមុខ”។ តាម China Youth Daily, នារីទាំងនោះសុទ្ធសឹងត្រូវបានគេបង្ខំឲ្យធ្វើបែបនេះ ដោយចាត់ទុកថាវាជាទ្រព្យតម្កល់ប្រសិនបើចង់ខ្ចីលុយបាន។
នារីៗទាំងនោះភាគច្រើន មានវ័យពី ១៩-២៣ឆ្នាំ ហើយជានិស្សិតនៅតាមមហាវិទ្យាល័យនានា។ ជនទុច្ចរិតដែលឲ្យខ្ចីក្នុងអត្រាការប្រាក់ខ្ពស់ទាំងនេះ បានបង្ខំពួកគេត្រូវបញ្ជូនរូបភាពអាក្រាតកាយភ្ជាប់នឹងព័ត៌មានឯកជនព្រមទាំងវិធីទាក់ទងនឹងសាច់ញាតិ។ នេះជារូបភាពមួយសម្រាប់ពួកវាទារបំណុល។ ក្នុងករណីដែលនារីទាំងនោះពុំព្រមសងព្រោះតែគ្មានលុយ ពួកគេនឹងបង្ហោះរូបភាពព្រមទាំងខ្សែវីដេអូឡើងបណ្តាញសង្គម ព្រមជាមួយការបញ្ជូនទៅឲ្យគ្រួសារ និងមិត្តភក្តិ។
ការឲ្យខ្ចីដោយយកការប្រាក់ខ្ពស់កំពុងកើតឡើងច្រើននៅចិន ព្រោះតែមនុស្សជាច្រើនត្រូវការវាសម្រាប់ទប់ទល់នឹងការខ្វះខាតចៃដន្យ។ ដើម្បីបញ្ចៀសពីការរកឃើញដោយអាជ្ញាធរពួកគេតែងប្រើឈ្មោះគេហទំព័រជាអាទិ៍ “ឲ្យខ្ចីផ្លែឈើ” “សងដោយសាច់” ឬ “សាច់ក្រក”។
ថ្វីត្បិតពត៌មាននេះបានផ្សាយពីរឿងរ៉ាវកើតឡើងនៅប្រទេសចិនក្តី ក៏យើងសង្ឃឹមថា អាជ្ញាធរ ពិសេសយុវនារីទាំងឡាយគួរគប្បីបញ្ចៀសឲ្យបាននូវទង្វើអសីលធម៌ផ្ទុយនឹងប្រពៃណីស្អាតស្អំរបស់ពលរដ្ឋខ្មែរយើង៕ ចន្ទ្រា