តាកែវ៖ នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ លោក ខាន់ សុខាអភិបាលរងខេត្តតាកែវ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ លោកឧត្តម សេនីយ៍ត្រី សេង មហា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អេង សុខលី ស្នងការរងនគរបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ Sinovac (ស៊ីណូវ៉ាក់) ជូនបងប្អូនអតីតយុទ្ធជនទូទាំងខេត្តតាកែវ នៅតាម មន្ទីរពេទ្យបង្អែក ក្រុង ស្រុក ទូទាំងខេត្តតាកែវ។
លោក ខាន់ សុខា អភិបាលរងខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានផ្ដល់នូវវ៉ាក់សាំងចាក់ជូនបងប្អូនអតីតយុទ្ធជននិងប្រជាពល រដ្ឋទូទាំងប្រទេស ដោយមិនមានការយកលុយនោះទេ។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ផងដែរថា បងប្អូនអតីតយុទ្ធជនទូទាំងខេត្តតាកែវដែលមកទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទ Sinovac(ស៊ីណូវ៉ាក់) មានចំនួន ប្រមាណជាង ៣៩៣០ នាក់ ៕
រក្សាសិទ្ធិដោយ ៖ សារឿន






