Friday, December 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើ​ឲ្យ​ធនាគារ និង​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​បន្ត​ការពន្យារពេល​ការបង់ប្រាក់ លើកលែង​បង់​ការប្រាក់ និង​ប្រាក់​ពិន័យ​ផ្សេងៗ របស់​គ្រួសារ កើត​កូ​វីដ​១៩

​ភ្នំពេញ ៖ ទាក់ទង នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ត​ស្នើ​ឲ្យ​ធនាគារ និង​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​បន្ត​ការពន្យារពេល​ការបង់ប្រាក់ របស់​គ្រួសារ កើត​កូ​វីដ​១៩​។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​អរគុណ និង​ស្នើសុំ​ឲ្យ​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ លើកលែង​បង់​ការប្រាក់ និង​ប្រាក់​ពិន័យ​ផ្សេងៗ ចំពោះ​អ្នក​កើត​កូ​វីដ​១៩ និង​អ្នក​ច​ត្តា​ឡី​ស័ក ដូច​ជ​ស សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩៖ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ​ទាំងអស់​រយៈពេល​មួយខែ ព្រមទាំង​ទទួលបាន​ការរៀបចំ ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៣​រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ទាក់ទង នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ នៅ​ព្រឹក​មិញ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មកដល់ពេលនេះ គ្មាន​ការ​ថមថយ​ទេ ប៉ុន្តែ​បែរជា​កាន់តែ​ធ្ងន់​លើស​មុន បើទោះបីជា​យើង​មាន​វិធានការ​ឆ្លើយតប​យ៉ាង​តឹងរឹង​ក្តី ក៏ប៉ុន្តែ​ដោយសារ​ជំងឺ​នេះ មកដល់​លឿន​ពេក ដែល​ហៅថា ជំងឺ​បំប្លែង​ភេទ ហើយនឹង​ការ​អភិបាលកិច្ច នៅ​តំបន់​មួយចំនួន​មិន​ត្រឹមត្រូវ​នោះ គឺ​បាន​នាំមក​នូវ​បច្ច័យ​ដ៏​អាក្រក់ ដែល​ធ្វើ​ឲ្យ​ចំនួន​កើនឡើង​។

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍​ទៀតថា ក្នុង​រយៈពេល​ជាង​១​ឆ្នាំ គឺ​ឆ្នាំ​២០២០ យើង មាន​អ្នកជំងឺ​កូ​វីដ​១៩ ត្រឹមតែ​៥០០​នាក់​ទេ ក៏ប៉ុន្តែ​មកដល់​ថ្ងៃនេះ ចំនួន​អ្នកជំងឺ​របស់​យើង មាន​រហូតដល់​ជាង​៤០០០​នាក់​។ ជាមួយគ្នានេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នូវ​ការរំលែក​ទុក្ខ ចំពោះ​គ្រួសារ​អ្នកស្លាប់ ដោយសារ​ជំងឺ​កូ​វីដ​១៩ ដែល​មកដល់ពេលនេះ​មាន​ចំនួន ២៤​នាក់​ហើយ និង​ក៏បាន​ផ្តាំ​សាកសួរ​សុខទុក្ខ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែលជា​អ្នកជំងឺ​កូ​វីដ​១៩ កំពុង​សម្រាក​ព្យាបាល​ជំងឺ និង​បងប្អូន​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ​។

​នៅថ្ងៃនេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​វិធាន​ការជួយ​ដល់ គ្រួសារ​ដែល​ស្លាប់​, ឆ្លង និង​រង​ផលប៉ះពាល់​ដោយ​កូ​វីដ​១៩ ដោយមាន​ការឧបត្ថម្ភ និង​ជួយ​ចេញថ្លៃ​ទឹក ថ្លៃ​ភ្លើង​ជាដើម ក្នុងនោះ ចំពោះ​ប្រជាពលរដ្ឋ​ដែល​ស្លាប់ ឆ្លង និង​ប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល ដូចជា​៖

១-​ចំពោះ​គ្រួសារ​ដែលមាន​សមាជិក​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​ការប្រើប្រាស់​ទឹកស្អាត និង​ថ្លៃ​អគ្គិសនី​អប្បបរមា​រយៈពេល​៥​ខែ​បន្ថែម​លើ​ការអន្តរាគមន៍​ជួយ​ដែល​ដាក់ចេញ​កន្លងមក

២-​ចំពោះ​ផ្ទះ​ណា​ដែល​សមាជិក​ដែល​ឆ្លង​កូ​វីដ​១៩ ប៉ុន្តែ​អត់​មាន​មនុស្ស​ស្លាប់ រដ្ឋ​នឹង​ជួយ​ចេញថ្លៃ​ទឹក​ថ្លៃ​ភ្លើង អប្បបរមា រយៈពេល​៣​ខែ ដោយ​រាប់​ចាប់តាំងពី​ជន​នោះ​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

៣-​គ្រួសារ​ដែល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ជួយ​៣០​ម៉ឺន​រៀល ក្នុង​១​គ្រួសារ និង​ជួយ​បង់​ទឹក​ភ្លើង​ក្នុង​កម្រិត​សមរម្យ​មួយរយៈ​ពេល​២​ខែ​។​

៤-​អ្នក​ដែល​ប៉ះពាល់​នៅ​តំបន់​បិទ​ខ្ទប់ រដ្ឋ​នឹង​ជួយ​៣០​ម៉ឺន​ក្នុង​១​គ្រួសារ ហើយ​ជួយ​បង់ថ្លៃ​ទឹក​ភ្លើង​ចំនួន​២​ខែ​

៥-​ផ្តល់​អង្ករ​ដល់​គ្រួសារ​ដែល​ប៉ះពាល់ នៅ​តំបន់​បិទ​ខ្ទប់​នូវ​អង្ករ​២៥​គីឡូ មី​មួយ​កេស​តូច ត្រីខ ២០​កំប៉ុង​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កម្មវិធី​ជួយ​ដោះស្រាយ​ការលំបាក​នេះ នឹងធ្វើ​នៅ​ក្របខណ្ឌ​ទូទាំងប្រទេស​តែម្តង​។ ជាមួយនឹង​ការដាក់ចេញ​នូវ​ការអន្តរាគមន៍​ជួយ​អ្នករងគ្រោះ​ដោយ​កូ​វីដ​១៩​នេះ សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​ដល់​គ្រួសារ​នៅ​តំបន់​បិទ​ខ្ទប់ ហើយ​មាន​ជីវភាព​អាច​ដោះស្រាយ​បញ្ហា​បាន ដោយ​មិន​យក​ជំនួយ​ពីរ​ដ្ឋ ដើម្បី​សម្រាល​ការចំណាយ​របស់​រដ្ឋ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អំពាវនាវ​ដល់​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​កម្ពុជា អគ្គិសនី​ឯកជន ក្រុមហ៊ុន​ទឹក​ឯកជន ចូលរួម​ជួយ​ផ្គត់ផ្គង់​ជាមួយ​រដ្ឋ សម្រាប់​គ្រួសារ​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ អ្នកជំងឺ​កូ​វីដ​១៩ និង​អ្នក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​។ សម្តេច​តេ​ជោ មានប្រសាសន៍​បន្តទៀត​ថា នៅ​ព្រឹក​នេះ​សម្តេច​បាន​បញ្ជា​អភិបាល​រាជធានី ដឹក​ស្បៀងអាហារ​ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់ ដែល​រាំងខ្ទប់ មាន​ថវិកា ៣០​ម៉ឺន​រៀល អង្គរ មី និង​ត្រីខកំប៉ុង​ផងដែរ ពីព្រោះ​យប់មិញ​នេះ​រាជធានី​ភ្នំពេញ​បានសម្រេច​បិទ​ខ្ទប់​ទីតាំង​មួយចំនួន ដែល​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ធ្ងន់ធ្ងរ នៅក្នុង​ខណ្ឌ​ចំនួន​៣ ក្នុង​រាជធានី​ភ្នំពេញ ក្នុងនោះ​មាន​ខណ្ឌមានជ័យ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ការបិទ​ខ្ទប់​ភូមិសាស្ត្រ​មួយចំនួន ដែលមាន​ការឆ្លង​ធ្ងន់ធ្ងរ​នេះ មាន​រយៈពេល​១៤​ថ្ងៃ គិត​ចាប់ពី​ម៉ោង ០០៖០០ ថ្ងៃទី​១០ ដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០២១​។​

​នៅ​ព្រឹក​មិញ​នេះ​ផងដែរ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ត​ស្នើ​ឲ្យ​ធនាគារ និង​សមាគម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នានា​បន្ត​ការពន្យា​ពេល​ការបង់ប្រាក់ របស់​គ្រួសារ កើត​កូ​វីដ​១៩​។ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​អរគុណ និង​ស្នើសុំ​ឲ្យ​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ និង​ធនាគារ លើកលែង​បង់​ការប្រាក់ និង​ប្រាក់​ពិន័យ​ផ្សេងៗ ចំពោះ​អ្នក​កើត​កូ​វីដ​១៩ និង​អ្នក​ច​ត្តា​ឡី​ស័ក ដូចខាងក្រោមៈ​

១-​សម្រាប់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩៖ លើកលែង​ការបង់​ការប្រាក់ និង​រាល់​ការផាកពិន័យ​ទាំងអស់​រយៈពេល​មួយខែ ព្រមទាំង​ទទួលបាន​ការរៀបចំ ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួមទាំង​ការពន្យារ​ការបង់ប្រាក់​ដើម​រយៈពេល​បី​ខែ​។ រាល់​អតិថិជន​ដែល​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បង្ហាញ​លទ្ធផល​តេស្ត​វិជ្ជមាន​កូ​វីដ​-១៩ ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

២-​សម្រាប់​អតិថិជន​ដែល​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័ក​៖ ផ្តល់​ការរៀបចំ​ឥណទាន​ឡើងវិញ​ដោយ​ស្វ័យប្រវត្តិ (​ប្រសិនបើ​អតិថិជន​យល់ព្រម​) រួមទាំង​ពន្យារ​ការបង់​ទាំង​ប្រាក់​ដើម និង​ការប្រាក់​រយៈពេល មួយខែ និង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់​។​

៣-​បន្តធ្វើ​ការផ្តល់ជូន​ការរៀបចំ​ឥណទាន​ឡើងវិញ​ឲ្យ​បាន​ឆាប់រហ័ស និង​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​-១៩

៤-​បញ្ចេញ​ឥណទាន​សង្គ្រោះបន្ទាន់ ឬ​បន្ថែម ដោយ​បន្ធូរបន្ថយ​លក្ខខណ្ឌ ព្រមទាំង​កាត់បន្ថយ​អត្រា​ការប្រាក់ ដើម្បី​ជួយ​បន្ត និង​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ច​គ្រួសារ និង​អាជីវកម្ម​មុន និង​ក្រោយពេល​មាន​វិបត្តិ​។​

៥-​ធ្វើការ​រៀបចំ​ឥណទាន​ឡើងវិញ ព្រមទាំង​លើកលែង​រាល់​ការផាកពិន័យ​ទាំងអស់ សម្រាប់​អតិថិជន​ដែល​ទិញ​ផ្ទះ​ផ្ទាល់ខ្លួន​ទីមួយ​សម្រាប់រ​ស់​នៅ ។​

៦-​ផ្តល់នូវ​ការអនុគ្រោះ​សម្រាប់​អតិ​ថ​ជន​ដែល​ទទួលមរណភាព​ដោយ​ជំងឺ​កូ​វីដ​-១៩ តាម​លទ្ធភាព​ជាក់ស្តែង​របស់​គ្រឹះស្ថាន​នីមួយៗ​។​

​ជាថ្មី​ម្តងទៀត សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បន្តថា ដើម្បី​កាត់ផ្តាច់​ការចម្លង​ពី​ម្នាក់ ទៅ​ម្នាក់ ត្រូវអនុវត្ត​វិធានការ «៣​កុំ និង​៣​ការពារ​» ហើយ​បើ​មិនចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ ក្នុង​ពិធី​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​នៅតែ​ធ្វើ តែ​ត្រូវ​រៀបចំ​នៅក្នុង​ផ្ទះ ចូលឆ្នាំ​នៅផ្ទះ ធានា​សុវត្ថិភាព​ពី​ជំងឺ​កូ​វីដ​១៩៕

\រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×