អ្នកឃ្លាំមើលទីផ្សារចិនបានបើកការស៊ើបអង្កេតលើការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកដ៏ចម្រូងចម្រាសរបស់អ្នកផលិតភេសជ្ជៈនេះ ដែលបានអះអាងថា សិក្ខាកាមថ្មីនឹងទទួលបានរថយន្ត ផ្ទះ ប្រាក់ចំណូលខ្ពស់ និងត្រូវបានតាមប្រមាញ់ដោយ “នារីក្មេងស្រស់ស្អាត និងប្រុសក្មេងរូបសង្ហា” នៅពេលចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលគ្រប់គ្រងរបស់ពួកគេ។
Coconut Palm Group គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងហៃគូ នៅលើកោះហៃណានត្រូពិក ត្រូវបានសាធារណជនរិះគន់យ៉ាងចាស់ៗដៃ បន្ទាប់ពីការផ្សាយពាណិជ្ជកម្មនេះបានលេចចេញកាលពីសប្តាហ៍មុន។ ក្រុមហ៊ុនមានប្រវត្តិយូរអង្វែងនៃការធ្វើការអះអាងបង្កភាពដ៏ចម្រូងចម្រាស ក្នុងរួមទាំងភេសជ្ជៈទឹកដូងរបស់ខ្លួន នឹងអាចពង្រីកសុដន់ស្ត្រី។
នៅក្នុងការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកសម្រាប់មុខងារ “អ្នកចាត់ការទូទៅ និងជាអគ្គនាយករង” អ្នកបង្កើតក្រុមហ៊ុនបាននិយាយថា ខ្លួននឹងជ្រើសរើស “សិក្ខាកាម” ចំនួន ២០ នាក់ ដែលជាអ្នកហាត់ការនៅក្នុងប្រព័ន្ធបណ្តុះបណ្តាលគ្រប់គ្រងរបស់ខ្លួន។
ក្រុមហ៊ុនបានអះអាងថា “នៅពេលអ្នកក្លាយជាសិស្សរបស់ក្រុមហ៊ុន” នោះអ្នកទាំងនោះនឹងមានឡាន ផ្ទះ និងប្រាក់ចំណូលខ្ពស់ ហើយ “ពិតជារោមព័ទ្ធជុំវិញដោយស្រីក្មេងស្រស់ស្អាត និងបុរសសង្ហាៗ”។
អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុននេះ បាននិយាយថា ពួកគេបានធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មការងារ ដោយមានបំណង “ស្វែងរកអ្នកមានទេពកោសល្យដែលពោរពេញដោយភាពរំភើប”។
មនុស្សម្នាក់ត្រូវបានដកស្រង់សម្តីដោយនិយាយថា “អ្វីដែលយើងបាននិយាយនៅក្នុងការផ្សព្វផ្សាយ គឺជាការពិត។ វាមិនមែនជាការឃោសនាក្លែងក្លាយទេ ហើយក៏មិនមែនជាការឃោសនាបំផ្លើសដោយចេតនាដែរ។ វាមិនចាំបាច់ឲ្យយើងទាក់ទាញភ្នែកមនុស្សទេ។ នេះជាស្ទីលឃោសនាដែលក្រុមហ៊ុនយើងកំពុងអនុវត្តជាប់លាប់”។
យោងតាមការផ្សព្វផ្សាយ អ្នកដាក់ពាក្យការងារ គឺយ៉ាងហោចណាស់ ត្រូវមានសញ្ញាប័ត្រសាកលវិទ្យាល័យ និងអាយុក្រោម ២៨ ឆ្នាំ។ បុគ្គលិកនឹងត្រូវធ្វើសម្រាប់ក្រុមហ៊ុនយ៉ាងតិចរយៈពេល ១៤ ឆ្នាំ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ មុនពេលត្រូវបានពិចារណាសម្រាប់មុខតំណែងជាអ្នកគ្រប់គ្រងទូទៅ។
ការផ្សាយពាណិជ្ជកម្មក៏បានបង្ហាញពីប្រាក់ចំណូលប្រចាំឆ្នាំលម្អិត សម្រាប់បុគ្គលិកចូលគម្រិតរួមមាន៖ ១៦៨,០០០ យ័ន (៣៤.៤០៤ ដុល្លារ) ក្នុងមួយឆ្នាំ សម្រាប់បុគ្គលិកដែលមានបរិញ្ញាបត្រ, ២៥២,០០០ យ័ន (៣៨,៣៣០ ដុល្លារអាមេរិក) សម្រាប់អ្នកដែលមានសញ្ញាប័ត្រអនុបណ្ឌិត និង ៣៣៦,០០០ យ័ន (៥១,១០០ ដុល្លារអាមេរិក) សម្រាប់អ្នកកាន់សញ្ញាប័ត្របណ្ឌិត។
នាយកដ្ឋានត្រួតពិនិត្យទីផ្សារខេត្តហៃណាន បាននិយាយថា ខ្លួនកំពុងស៊ើបអង្កេតក្រុមហ៊ុននេះ ចំពោះការចោទប្រកាន់ពីការផ្សាយពាណិជ្ជកម្មខុសច្បាប់។
អាជ្ញាធរបានពិភាក្សាជាមួយអ្នកគ្រប់គ្រងក្រុមនេះ ដោយបានប្រាប់ពួកគេថា ខ្លឹមសារនៅក្នុងការផ្សាយពាណិជ្ជកម្មរំលោភលើច្បាប់ផ្សាយពាណិជ្ជកម្ម។
នេះគឺជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់កំពូលទាំង ១០ នៅក្នុងប្រទេសចិន ដែលត្រូវបានសាធារណជនចំអកឡកឡឺយ អស់រយៈពេលជាយូរមកហើយ ចំពោះការផ្សាយពាណិជ្ជកម្មបែបមបែបច្របូកច្របល់ ជាមួយអក្សរចិនចម្រុះពណ៌ធំៗ ពណ៌នាពីគុណសម្បត្តិផលិតផលរបស់ខ្លួន ដែលជារឿយៗគេអះអាងថា អាចពង្រីកដើមទ្រូងរបស់ស្ត្រីបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង (ប្រភព៖ scmp)