ភ្នំពេញ ៖ អតីតយុទ្ធជនកម្ពុជា ប្រមាណ ៣៥,២៤១ នាក់ហើយ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ពីយុទ្ធការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គិតត្រឹមថ្ងៃទី១១ ខែមេសា បន្ទាប់ពីបានបើកយុទ្ធនាការនៅថ្ងៃទី០៨ ខែមេសា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើការងារអតីតយុទ្ធជននេះ បានធ្វើដំណើរចុះជាប់ជាប្រចាំពីខេត្តមួយ ទៅខេត្តមួយ ដើម្បីពិនិត្យ និងពន្លឿនការងារចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់អតីតយុទ្ធជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានឱ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយល្អប្រសើរ ហើយថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំសមាគមនីមួយៗ បានប្រឹងប្រែងសម្របសម្រួលដល់ដំណើរការចាក់នេះឱ្យបានឆាប់រហ័ស និងត្រឹមត្រូវទៅតាមវិធានសុខាភិបាល។ ឯកឧត្តមបន្តថា អតីតយុទ្ធជនសុទ្ធតែបានយល់ពីគុណតម្លៃរបស់វ៉ាក់សាំងសម្រាប់សុខភាព និងអាយុជីវិតរបស់ពួកគេ ហើយបានស្ទុះស្ទាទៅចាក់វ៉ាក់សាំងផងដែរ។
ដោយសារតែអតីតយុទ្ធជនដែលភាគច្រើនសុទ្ធតែជាមានពិការភាពនោះ ឯកឧត្តម គន់ គីម បានស្នើឱ្យអាជ្ញាធរ ជួយគិតគូរសម្របសម្រួល និងរៀបចំដឹកជញ្ជូនអតីតយុទ្ធជន និងគ្រួសារ ឱ្យមកចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា និងបានលឿន ដើម្បីបានកងការពារសុខភាពរបស់ពួកគាត់ពីជំងឺកូវីដ១៩។
ក្នុងឱកាសចុះពិនិត្យការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន ឯកឧត្តម គន់ គីម បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)។
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អាទិភាពឱ្យអតីតយុទ្ធជន និងគ្រួសារជិត ៨ម៉ឺននាក់បានទទួលវ៉ាក់សាំង៕
រក្សាសិទ្ធិដោយ៖CEN








