តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោកឧត្តមសេនីយ៍ត្រី ទូច អូន លោក ញ៉ែម ស្រស់ អភិបាលស្រុក លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស នៅព្រឹកថ្ងៃច័ន្ទ ទី១២ ខែមេសា ឆ្នាំ២០២១ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើន បានអញ្ជើញចុះត្រួតពិនិត្យ គោលដៅឈរជើងរបស់ សមត្ថកិច្ច ក្នុងការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅភូមិសាស្រ្ត ឃុំកំពង់រាប និងឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ ជាប់ព្រំ ប្រទល់ជាមួយខេត្តកណ្ដាល ដើម្បីអនុវត្តតាមសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការហាមឃាត់ការ ធ្វើដំណើរ និងការ បិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាល ដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះសួរសុខទុក្ខ និងនាំយក អំណោយមួយចំនួន ចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថកិច្ច រឹតបន្ទឹងការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម អភិបាល ក៏បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច ដែលបានឈរជើងនៅគោល ដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការ ឯកភាពខេត្ត។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាលបានគិតគូរពី សុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូនក្នុងគ្រួសារ និងសង្គមជាតិ ហើយចំពោះ អ្នកចំណូលស្រុកត្រូវអោយពួកគាត់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬនៅមណ្ឌល ចត្តាឡីស័ក អោយបានត្រឹមត្រូវ ព្រមទាំងចូលរួមអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុង សហគមន៍ផងដែរ។
នៅក្នុងឱកាសចុះត្រួតពិនិត្យគោលដៅខាងលើនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បាននាំ យកថវិកាមួយចំនួនមកប្រគល់កងកម្លាំងឈរជើងតាមគោលដៅ នីមួយៗ ផងដែរ៕ រក្សាសិទ្ធិដោយ៖សារឿន








