ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ថ្លែងអំណរគុណ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រដល់វិស័យ ធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងកិច្ចខិតខំប្រឹងប្រែង ជួយអតិថិជន ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តាមរយៈសន្ទរកថា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។
តបទៅនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពង់របស់សម្តេចអគ្គមហាសេនាបតីតេជោ សមាគមទាំងពីរ សូមទទួលយក និងអនុវត្តតាមដោយធ្វើបច្ចុប្បន្នភាព កែសម្រួលបន្ថែមនូវគោលការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ដល់អតិថិជន ដែលឆ្លងជំងឺកូវីដ-១៩ ដោយបានលើកលែង ការបង់ការប្រាក់ រយៈ ពេល ២ ខែ ហើយសម្រាប់អតិថិជន ដែលជាប់ធ្វើចត្តាឡីស័ក នឹងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិន បើអតិថិជនយល់ព្រម) រួមទាំងពន្យារការបង់ទាំងប្រាក់ដើមរយៈពេល៣ខែ។ ដោយឡែកក្នុងករណីចាំបាច់នានា ដែលជាតម្រូវការរបស់អតិថិជន ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ សូមធ្វើការពិភាក្សាដោយផ្ទាល់ជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។
សមាគមសូមបញ្ជាក់ជំហរជាថ្មីថា ក្នុងរយៈពេលដ៏លំបាកនេះ នឹងមិនមានការផាកពិន័យចំពោះ អតិថិជន ដែល រងផលប៉ះពាល់ ដោយជំងឺកូវីដ-១៩។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខ សូមឧទ្ទិសបួងសួងដល់ ទេព្តាឆ្នាំថ្មី គុណព្រះរតនត្រ័យនិងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាបីបាច់ ជូនដល់ប្រមុខរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អតិថិជន និងសាធារណជនទាំងអស់ សូមប្រកបដោយ សុខភាពល្អបរិបូរណ៌ និងជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នេះ៕រក្សាសិទ្ធិដោយ៖CEN





