ភ្នំពេញ ៖ បុរសម្នាក់ម្នាក់ត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយពេលជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តដឹកដីមួយគ្រឿង បានបុករួចកិនអូសជាង១០ម៉ែត្រ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
សពជនរងគ្រោះខាងលើមានឈ្មោះ លុន សុវណ្ណឌឿន ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរកម្មកររោងចក្រកាតុង ស្នាក់នៅបន្ទប់ជួលក្នុងភូមិកុបកង់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិតាលាក់ខាងត្បូង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅពាក់ផ្លាកលេខ កណ្តាល 1B 1556 ចេញពីធ្វើការទិសដៅពីកើតទៅលិច ស្របពេលនោះ ក៏មានរថយន្តដឹកដីមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពាក់ផ្លាកលេខ កំពង់ចាម 3A 4157 បើកបរពីលិចទៅកើតក្នុងទិសដៅបញ្រ្ចាសគ្នា បានបុកអ្នកជិះម៉ូតូរួចកិនអូសជាង១០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិត ខណៈពេលបញ្ជូនជិតដល់មន្ទីរពេទ្យ។
ចំណែកអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ ដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ សហការជាមួយចរាចរណ៍ក្រុង បានចុះមកធ្វើការវាស់វែង និងទំនាក់ទំនងថៅកែរថយន្តដឹកដីខាងលើ ឲ្យមកចូលខ្លួនដោះស្រាយ ជាមួយគ្រួសារសពជនរងគ្រោះ នៅទីបំផុតក្រុមគ្រួសារ របស់សពជនរងគ្រោះសុខចិត្ត ព្រមទទួលយក១៨០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ សួង សាម














