ភ្នំពេញ ៖ ជាការពិតណាស់ សកម្មភាពក្រុមមនុស្សដើររៃអង្គាសលុយ នៅតាមផ្ទះ ឬតាមមុខរោងចក្រ ជាដើម ដោយអះអាងថាកសាងនេះកសាងនោះមិនចេះចប់ គឺគេតែងសង្កេតឃើញកើតមានឡើងសឹងតែ១ខែទល់១ខែ។ ប៉ុន្តែ បើទោះជាប្រជាពលរដ្ឋមានការសង្ស័យ និងរអ៊ូរទាំថា បុគ្គលភាគច្រើនច្បាស់ណាស់កំពុងយកសាសនាធ្វើជារបររកលុយ បោកប្រាស់ទឹកចិត្តរបស់ពួកគាត់យ៉ាងណា ក៏គេកម្រឃើញសមត្ថកិច្ច ឬ អាជ្ញាធរមូលដ្ឋាន មានវិធានការទៅលើបុគ្គលមុខសញ្ញាដដែលៗទាំងនោះទេ។
ដោយឡែក ថ្មីៗនេះ ក្រុមអាចារ្យបោកប្រាស់មួយក្រុមមានទាំងប្រុស-ស្រី និងព្រមទាំងអ្នកបើករឺម៉កកង់បី ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងបញ្ចូនមកវត្តមួយ ដើម្បីកោរសក់ទុកជាគំរូ ទៅដល់អ្នកដទៃ។ ប៉ុន្តែ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ខណៈកំពុងទទួលការកោរសក់ ដើម្បីជម្រះអស់នូវទង្វើដើរបោកប្រាស់យកសាសនាធ្វើជាឈ្នាន់ទៀត ស្រាប់តែអាចារ្យក្លែងក្លាយនោះ បានធ្វើការចោទប្រកាន់លោកថាជាអ្នកប្រើ កុំអីពួកខ្លួនក៏មិនដើរប្រព្រឹត្តអុីចឹងដែរ។ តែទោះយ៉ាងណា ការចោទបែបនេះ ត្រូវបានព្រះសង្ឃបដិសេធខ្លាំងៗ និងថែមទាំងព្រមានប្តឹងថែមទៀតផង។
ក្រោយឃើញសមត្ថកិច្ចអប់រំក្រុមអាចារ្យក្លែងក្លាយទាំងនោះ តាមរយៈវិធីមួយនេះ ក៏មានមនុស្សមួយចំនួននិយាយថា មន្រ្តីធ្វើបែបនេះដូចជាជ្រុលពេកហើយ ព្រោះថា ពួកគាត់ក៏មិនទៅដើរឆក់ប្លន់គេនោះទេ ហើយបើយើងម្នាក់ៗកុំដាក់លុយឲ្យទៅគឺចប់ហើយ និងផ្ទុយមកវិញ គួរឲ្យពួកគាត់ធ្វើកិច្ចសន្យា ទើបជាការសមរម្យជាងរូបដ៏គួរឲ្យអាម៉ាសបែបនេះ។
តែទោះយ៉ាងណា ទន្ទឹមនេះផងដែរ មនុស្សជាច្រើនទៀតដែលមានការស្អប់ទៅនឹងទង្វើដើរបោកប្រាស់ ជាពិសេសគឺយកសាសនាធ្វើជារបរបែបនេះ បានបង្ហាញការពេញចិត្តខ្លាំង ចំពោះចំណាត់ការរបស់សមត្ថកិច្ចថា៖ «សូមសរសេីរ ពូៗសម្ថតិកិច្ច នេះជាគំរូដល់ឣ្នកផ្សេង កំុឣោយយកសាសនាធ្វេីជាខែលរកសុីទៀត» រីឯអ្នកខ្លះទៀត ដាក់ឲ្យឡើងកប់ៗថា៖ «សមមុខហើយ ពួកក្រុមមុខដដែលៗ ដើរបោកគេ១ខែទល់១ខែ,….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









