Monday, June 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន និង​សហការ​ជាមួយ​សមត្ថកិច្ច ក្រោយ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ រហូតដល់​៤​នាក់ នៅ​ថ្ងៃទី​១២ ខែមេសា

សៀមរាប​៖ សមត្ថកិច្ច​បាន​ខ្នះខ្នែង​កំណត់​មុខសញ្ញា និង​រក​ស្វែង​ឃើញ​អ្នកពាក់ព័ន្ធ​ជាមួយ​ក្រុមគ្រួសារ​ដែល​វិជ្ជមាន​ជំងឺ កូ​វី​១៩​រួចហើយ​នៅ​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១​។​

​នៅ​យប់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ខ្នះខ្នែង​កំណត់​មុខសញ្ញា និង​រក​ស្វែង​ឃើញ​អ្នកពាក់ព័ន្ធ​ជាមួយ​ក្រុមគ្រួសារ​ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ របស់ លោក អ៉ឹ​ង ខៃ​លី ដែលជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម និង​បន្ថែម​មាន​ទំនាក់ទំនង​ផ្សារ​វត្ត​អធ្វា​ផងដែរ​។​

​រដ្ឋបាលខេត្ត សូម​កោតសរសើរ​ចំពោះ​សមត្ថកិច្ច​គ្រប់ ផ្នែក​ទាំង​ក្រុមគ្រូពេទ្យ និង​កងកម្លាំង ដែល​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បំពេញភារកិច្ច​ចំពោះមុខ ដែល​កំពុងតែ​មានការ​ព្រួយបារម្ភ​នេះ​។ ជាមួយគ្នានេះ បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ការពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ ប្រយោល ឬ​បាន​ចេញចូល​ទៅកាន់​ទីតាំង​ផ្សារ​ខាងលើ ត្រូវ​ចូលរួម​អនុវត្ត​ច​ត្តា​ឡី​ស័ក​ដាក់ខ្លួន​ឲ្យ​នៅ​ដាច់ដោយឡែក​។

​រដ្ឋបាលខេត្ត​សូម​ក្រើនរំលឹក​ដល់​អ្នកពាក់ព័ន្ធ​ត្រូវ​បង្កើន​ស្មារតី​ខ្ពស់​អនុវត្តតាម​ការណែនាំរ​បស់​សមត្ថកិច្ច​ជា​ដាច់ ខាត​។ ចំពោះ​ជន​ទាំងឡាយណា មិន​អនុវត្ត​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន គឺអាច​ប្រឈម​នឹង​ទទួល​ទណ្ឌកម្ម​ការពិន័យ​អន្តរការណ៍ រហូត ដល់​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ផងដែរ​។​

​រដ្ឋបាល​ខេត្តសៀមរាប មាន​កិត្តិយស សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា​៖ ក្នុង​ព្រឹត្តិការណ៍​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ២០​កុម្ភៈ​នេះ ខេត្តសៀមរាប បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ថ្មី បន្ថែមចំនួន​៣​នាក់ សរុប ៤​នាក់ នៅ​ថ្ងៃទី​១២ ខែមេសា ឆ្នាំ​២០២១ រួមមាន ១.​ឈ្មោះ ចាន់ ផុន ភេទ​ស្រី អាយុ ២១​ឆ្នាំ ២.​ឈ្មោះ ជា គីម ភេទ​ស្រី អាយុ ៥០​ឆ្នាំ និង​៣.​ឈ្មោះ សរ សុវណ្ណារិទ្ធ ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ដែល​អ្នក​ទាំងបី មានមុខរ​បរជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ក្រោម និង​ជា​ក្រុមគ្រួសារ​របស់ លោក អ៊ឹង ខៃ​លី ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ហើយ​លោកស្រី ជា គីម ក៏​ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​វត្ត​អធ្វា​ផងដែរ​។

​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បានសម្រេច​បិទ​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន​ផ្សារ​ក្រោម ស្ថិតនៅ​ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ និង​បន្ថែម​ការបិទ​ការចេញ​-​ចូល​ជា​បណ្តោះអាសន្ន​ផ្សារ​វត្ត​អធ្វា ស្ថិតនៅ​ភូមិក​ក្រាញ់ សង្កាត់​សៀមរាប ក្រុង​សៀមរាប ចាប់ពី​កាលបរិច្ឆេទ​សេចក្តីជូនដំណឹង​នេះ រហូតដល់ មាន​សេចក្តីជូនដំណឹង​ជាថ្មី​។​

​រដ្ឋបាលខេត្ត សូមបញ្ជាក់​ជូន​ថា ករណី​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន​៤​នាក់ នៅក្នុង​ថ្ងៃនេះ ជា​ករណី​ឆ្លង​ក្នុង​សហគមន៍ ក្នុង​ខេត្តសៀមរាប និង​ឈានដល់​ចំណុច​ដែលមាន​ការព្រួយបារម្ភ​ខ្ពស់ ដូចនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​មួយចំនួន​ក្នុង​សង្កាត់​ស្វាយដង្គំ សង្កាត់​សៀមរាប សង្កាត់​សាលា​កំរើក និង​សង្កាត់​ជ្រាវ ដែល​ធ្លាប់​បានចេញ​ចូលក្នុង​ផ្សារ​ក្រោម ផ្សារ​វត្ត​អធ្វា និង​ផ្សារ​ពោធិ៍​បន្ទាយ​ជ័យ សូម​បង្កើន​ការប្រុងប្រយ័ត្ន អនុវត្ត​វិធានការ​ការពារ ៣​ការពារ ៣​កុំ និង​ត្រូវអនុវត្ត​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​។​

​ជាមួយគ្នានេះ រដ្ឋបាល​ខេត្តសៀមរាប សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ អ្នកលក់ដូរ និង​អ្នក​ចេញចូល​ផ្សារ​ក្រោម និង​ផ្សារ វត្ត​អធ្វា ចាប់ពី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០២១ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ​ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​។

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​ឱ្យបាន​ម៉ឺង​មាត់ និង​អនុវត្ត​នូវ​វិធានការ​ការពារ​របស់​រាជរដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×