Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ៨០ម៉ោង សម្រាប់ការរួមគ្នាសម្រេចភារកិច្ចធំថ្មីមួយទៀត ដើម្បីរួមចំណែកក្នុងការប្រឆាំងជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ដោយសារការកើនឡើងជាគំហុកនៃអត្រាអ្នកឆ្លងជំងឺកូវីត១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន ប្រមុខរាជរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យរៀបចំទីកន្លែងបន្ថែម សម្រាប់ព្យាបាលប្រជាពលរដ្ឋដែលឆ្លងជំងឺកូវី១៩ ដើម្បីខិតខំពង្រីកអោយអស់លទ្ធភាពក្នុងការជួយព្យាបាល នៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលជំងឺកូវីដ១៩ មុននឹងឈានទៅដល់ការដាក់ឱ្យមានការព្យាបាលនៅតាមផ្ទះជាលក្ខណៈទំលំទូលាយ។

លោកបន្តថា ក្រុមការងារបានរួមគ្នាធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីធ្វើយ៉ាងណាអោយការរៀបចំអាគារមួយចំនួននៅកោះពេជ្រជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ (ប្រមាណជិត ១៨០០គ្រែ) អាចដំណើរការត្រៀមទទួលព្យាបាលអ្នកជំងឺក្នុងរយៈពេល ៨០ម៉ោង។ សូមអរគុណដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការការរៀបចំនេះ ព្រោះបើគ្មានការចូលរួមយ៉ាងសកម្មទាំងយប់ទាំងថ្ងៃ របស់បងប្អូនទាំងអស់គ្នាទេ យើងក៏មិនអាចសម្រេចកិច្ចការដ៏ធំនេះក្នុងរយៈពេលដ៏ខ្លីដូច្នេះដែរ។ ឆ្លៀតឱកាសនេះ សូមថ្លែងអរគុណដល់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន OCIC ដែលបានអនុញ្ញាតិអោយរាជរដ្ឋាភិបាលខ្ចីទីតាំងមួយចំនួននៅកោះពេជ្រ សម្រាប់ប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលនេះ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបន្តថា ពិតណាស់ការរៀបចំមន្ទីរពេទ្យ ឬមណ្ឌលព្យាបាលជំងឺកូវីដ១៩ អាចចូលរួមជួយព្យាបាលបងប្អូនប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនអាចទប់ស្កាត់ឬបញ្ចប់ការរីករាលដាលនៃជំងឺនេះបានទេ។
មានតែការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល (៣កុំ ៣ ការពារ) និងក្នុងការទទួលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ទេដែលជាគន្លឹះអាចទប់ស្កាត់ការរីករាលដាលនិងឈានដល់ការបញ្ចប់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើងបានឆាប់រហ័ស។ ហេតុដូច្នេះសូមបងប្អូនទាំងអស់រួបរួមគ្នា តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមកម្ចាត់ជំងឺកូវីដ១៩ ឲ្យអស់ពីទឹកដីខ្មែរយើង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×