ភ្នំពេញ ៖ កាលពីពេលថ្មីៗកន្លងទៅនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាម V.N.A បានចេញផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា សម្តេចតេជោ ហ៊ុន សែន ៖ “ យើងត្រៀមជាស្រេចក្នុងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ដើម្បីធ្វើឲ្យទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ដែលមានតាំងពីយូរមកហើយកាន់តែស៊ីជម្រៅថែមទៀត…” ។
អង្គភាពសារព័ត៌មាន Cambodia Express News (CEN) សូមបកប្រែអត្ថបទនេះក្រៅផ្លូវការ ដើម្បីជម្រាបជូនអស់លោកអ្នកអានដូចតទៅ៖
កាលពីរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ រដ្ឋសភាវៀតណាម អាណត្តិទី១៩ បានអនុម័តលើការបោះឆ្នោតជ្រើសតាំង ឯកឧត្តម ផាម មិញជិញ ឲ្យកាន់ តំណែងជានាយករដ្ឋមន្ត្រីអាណត្តិ ២០២១-២០២៦ ដោយបានទទួលសំឡេងបោះឆ្នោតគាំទ្រ ៤៦២ លើ ៤៦៦ (ស្មើនឹង៩៦,២៥% នៃវត្តមានសមាជិករដ្ឋសភាសរុប) សម្រាប់អាណត្តិ ២០២១-២០២៦ ហើយការកាន់តំណែងនេះ មានសុពលភាពចាប់តាំងពីថ្ងៃទី៥ ខែមេសា ថ្ងៃដែលរដ្ឋសភាអនុម័តតរៀងទៅ។
ក្រោយពេលដែល ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្ត្រីថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម សច្ចាប្រណិធានចូលកាន់តំណែងភ្លាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ៖ “ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរយ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម ផាម មិញជិញ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម”។ នេះជាមុខតំណែងដ៏ស័ក្តិសម ដែលស្តែងឲ្យឃើញពីជំនឿរបស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាម ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការយកចិត្តទុកដាក់ជំរុញឲ្យមានការអភិវឌ្ឍ និងវិបុលភាពរបស់វៀតណាម។
ក្នុងរយៈពេល៥៤ឆ្នាំកន្លងមកនេះ ចាប់តាំងពីថ្ងៃបង្កើតចំណងទាក់ទងការទូតរវាង កម្ពុជា និងវៀតណាម យើងទទួលបាននូវការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហការដ៏ជិតស្និទ្ធលើគ្រប់វិស័យ នៃប្រទេសយើងទាំងពីរ ដែលមានចំណងទាក់ទងតាំងពីយូរអង្វែងមក និងបានធ្វើការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នារយៈពេលកន្លងមក។
ដោយបានរួមចំណែកក្នុងចំណងសាមគ្គីភាព រវាងប្រជាជាតិយើងទាំងពីរជាមួយនឹងស្មារតីជាអ្នកជិតខាងល្អនោះ ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តម ដើម្បីធ្វើឲ្យរាល់ទំនាក់ទំនងដែលមានតាំងពីយូរលង់ណាស់មកហើយរវាងប្រទេសយើងទាំងពីរ ដោយផ្អែកលើមូលដ្ឋានអ្នកជិតខាងល្អប្រពៃ មិត្តភាពជាប្រពៃណី យល់ដឹងពីគ្នាទៅវិញទៅមក ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផង។

ខ្ញុំមានជំនឿយ៉ាងមុតមាំថា ការខិតខំប្រឹងប្រែង និងការប្តេជ្ញារបស់យើងទាំងក្នុងក្របខ័ណ្ឌទ្វេភាគី ទាំងពហុភាគី កម្ពុជា និងវៀតណាម និងជំនះបាននូវរាល់ការប្រឈមទាំងឡាយដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ជាអាទិ៍ ការបង្កឡើងដោយសារតែរោគរាតត្បាតកូវីដ-១៩ ដើម្បីផលប្រយោជន៍នៃប្រទេសយើងទាំងពីរ ក៏ដូចជាដើម្បីសុខសន្តិភាពស្ថេរភាព ការអភិវឌ្ឍដ៏រឹងមាំព្រមទាំងវិបុលភាពនៅក្នុងតំបន់ និងនៅលើកសាកលលោក។
នៅមុននេះដែរ ខណៈដែល ឯកឧត្តម ង្វៀន ស៊ន់ហ៊្វុក សច្ចាប្រណិធានចូលកាន់តំណែងជាប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារជូនពរដល់ ឯកឧត្តម ង្វៀន ស៊ន់ហ៊្វុក ដែលក្នុងសារជូនពរនោះមានខ្លឹមសារជាអាទិ៍ថា ៖ “ តាងនាមឲ្យរាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូន ឯកឧត្តម នូវពរសព្ទសាធុការ បវរមហាប្រសើរ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រមុខរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ការដែល ឯកឧត្តម បានកាន់តំណែងដ៏ឧដុង្គឧត្តម និងដ៏ស័ក្តិសមបំផុតនេះ បានបង្ហាញឲ្យឃើញនូវជំនឿទុកចិត្ត និងការជឿជាក់ដ៏ខ្ពង់ខ្ពស់របស់បក្សកុម្មុយនីស្ត និងប្រជាជនវៀតណាមទាំងមូល ចំពោះភាពប៉ិនប្រសប់ដឹកនាំរបស់ឯកឧត្តម។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តរីកចម្រើនខ្លាំងក្លាជាងនេះទៅទៀត ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ឆ្ពោះទៅសម្រេចបានជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ និងបន្តប្រែក្លាយតួនាទីដ៏សកម្មរបស់ខ្លួននៅលើផ្ទៃតំបន់ និងអន្តរជាតិ ” ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់នូវគោលនយោបាយឥតងាករេរបស់ព្រះរាជាណាចក្រកម្ពុជាយ៉ាងដូច្នេះថា៖ “ ខ្ញុំសូមសន្យាថា នឹងធ្វើកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកបន្តវេនតំណែងរបស់ ឯកឧត្តម ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែងលើស្មារតីជាអ្នកជិតខាងល្អ សាមគ្គីយោគយល់គ្នា សហការដើម្បីផលប្រយោជន៍ទៅវិញទៅមក ហើយជាពិសេស រួមគ្នាពុះពារជំនះបាននូវការប្រឈមដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងរួមចំណែកដល់សន្តិភាព ស្ថេរភាព អភិវឌ្ឍន៍ដ៏រឹងមាំ និងវិបុលភាពនៃប្រទេសទាំងពីរ វិបុលភាពតំបន់ ព្រមទាំងសាកលលោក”។
ហើយនៅមុននេះ ពោលគឺនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ ឯកឧត្តម វឿង ឌិញហ្វិ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងឲ្យកាន់តំណែងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
សម្តេចពញាចក្រី ហេង សំរិន បានថ្លែងនៅក្នុងសារអបអរសាទរ និងជូនពរនោះយ៉ាងដូច្នេះថា៖ “ ក្នុងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវអំណរសាទរជូនចំពោះ ឯកឧត្តម ដែលទើបនឹតត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម អាណត្តិទី១៤ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តម ស្ថាប័ននីតិប្បញ្ញត្តិរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នឹងបន្តនូវទំនាក់ទំនងជិតខាងគ្នាល្អប្រពៃ ចំណងមិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តរីកចម្រើនជាងនេះទៅទៀតនៅពេលខាងមុខ ដើម្បីផលប្រយោជន៍នៃប្រជាជននៃប្រទេសយើងទាំងពីរ”។
នៅក្នុងពិធីសច្ចាប្រណិធានចូលកាន់តំណែងរបស់ ឯកឧត្តម ផាម មិញជិញ ឯកឧត្តមបានសម្តែងនូវអំណរគុណជូនចំពោះរដ្ឋសភាវៀតណាម ដែលបានផ្តល់ជំនឿទុកចិត្ត បោះឆ្នោតជ្រើសតាំងឯកឧត្តម ឲ្យកាន់តំណែងជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយដោយបានចាត់ទុកថា នេះជាកិត្តិយសរបស់ឯកឧត្តមផ្ទាល់ ព្រមជាមួយនោះ ក៏ជាការទទួលខុសត្រូវដ៏ធ្ងន់ធ្ងររបស់ ឯកឧត្តម ក្នុងភារកិច្ចដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម ប្រគល់ឲ្យ។
នៅក្នុងពិធីសច្ចាប្រណិធានចូលកាន់ តំណែង ឯកឧត្តម ផាម មិញជិញ បានចាត់ទុកសកម្មភាពរដ្ឋាភិបាលវៀតណាម គឺមានតួនាទីដ៏សំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ទឹកដីវៀតណាម។ រដ្ឋាភិបាល ជាស្ថាប័ននីតិប្រតិបត្តិខ្ពស់បំផុត អនុវត្តនូវរាល់ច្បាប់នានាដែលរដ្ឋសភាអនុម័ត អនុលោមទៅតាមរដ្ឋធម្មនុញ្ញ ហើយរដ្ឋាភិបាលត្រូវប្រតិបត្តិនូវច្បាប់នានាជាធរមាន។
ឯកឧត្តម ផាម មិញជិញ កើតនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៥៨ នៅខេត្តថាញ់ហ័រ ឯកឧត្តម ជាបណ្ឌិតច្បាប់ សាស្ត្រាចារ្យវិទ្យាសាស្ត្រសន្តិសុខ ធ្លាប់បានសិក្សាកម្រិតឧត្តមខាងកិច្ចការនយោបាយ ជាសមាជិកមជ្ឈិមបក្សអាណត្តិទី១១ ទី១២ និងទី១៣ ជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្សអាណត្តិទី១២ និងទី១៣ ជាលេខាគណៈកម្មាធិការមជ្ឈិមបក្សអាណត្តិទី១២ ជាប្រធានចាត់តាំងមជ្ឈិមបក្ស ប្រធានអនុគណៈកម្មការការពារសន្តិសុខនយោបាយផ្ទៃក្នុងអាណត្តិទី១២ សមាជិកសភាអាណត្តិទី១៤ ប្រធានក្រុមមិត្តភាពសមាជិកសភាវៀតណាម-ជប៉ុន អាណត្តិទី១៤។
ព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជអភិបាលកិច្ចនៃព្រះករុណា នរោត្តម សីហមុនី ប្រកបដោយព្រះរាជបញ្ញាញាណដ៏ភ្លឺថ្លា វិសេសវិសាលក្រៃលែង, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំវៀតណាមថ្មី ទំនាក់ទំនងដ៏យូរលង់រវាងប្រទេសទាំងពីរ នឹងរីកចម្រើនស៊ីជម្រៅបន្ថែមទៀត ដោយឈរលើមូលដ្ឋាននៃគោលការណ៍អ្នកជិតខាងដ៏ល្អប្រពៃ យោគយល់គ្នាទៅវិញទៅមក សហការគ្នាលើច្រើនវិស័យ កម្ពុជា និងវៀតណាម នឹងឆាប់ពុះពារសម្រេចបានក្នុងការលុបបំបាត់ផលវិបាកនានា ដោយឆ្លងផុតនូវការរីករាលដាលនៃរោគរាតត្បាតកូវីដ-១៩ រួមគ្នាអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថេរភាព អភិវឌ្ឍន៍រឹងមាំ និងវិបុលភាពនៅក្នុងតំបន់ និងនៅលើសាកលលោក៕ រក្សាសិទ្ធិដោយ៖CEN







