ខេត្តព្រះវិហារ៖តូបលក់ដូរចំនួន ១២ នៅក្នុងផ្សារកំពង់ប្រណាក ក្នុងទីរួមខេត្តព្រះវិហារ ត្រូវអគ្គីភ័យឆាបឆេះខូចខាតទាំងស្រុង តែមិនបណ្ដាលឱ្យរាលដាលដល់តូបផ្សេងទៀតទេ កាលពីរាត្រីម៉ោង១០យប់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧។
លោកអ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងនៅព្រឹកថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៧ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តព្រះវិហារថា៖ ករណីឆេះតូបក្នុងផ្សារកំពង់ប្រណាកនេះគឺ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ លោក បានបន្តថា ការឆេះខូចខាតទាំងស្រុងអស់ ១២តូប និងបានចុះអន្តរាគមន៍ភ្លាមៗផងដែរ ដោយប្រើប្រាស់កម្លាំងសរុបចំនួន ៨០នាក់ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៣គ្រឿង ក្នុងនោះបាញ់ទឹកអស់ចំនួន ៥ រថយន្ត ទើបបណ្តាលឱ្យភ្លើងរលត់ទាំងស្រុងនៅវេលាម៉ោង១១និង៣០នាទីយប់៕ ដោយ៖ជាលី