ភ្នំពេញ ៖ ដូចដែលប្រិយមិត្តជនរួមជាតិបានដឹងហើយថា ពិធីទទួលទេវតាឆ្នាំថ្មី «ឆ្នាំឆ្លូវ» គឺត្រូវបានធ្វើឡើងនៅវេលាម៉ោង ៤ និង០០ នាទី ថ្ងៃពុធ ៣កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១។ ហើយជាការពិតណាស់ ជារៀងរាល់ឆ្នាំ ពិធីទទួលទេវតាឆ្នាំថ្មី ដែលយាងចុះមកទទួលតំណែងគ្រប់គ្រងថែរក្សាមនុស្សលោក បន្តវេនពីទេវតាឆ្នាំចាស់ គឺតែងត្រូវបានចាក់ផ្សាយនៅលើស្ថានីយ៍ទូរទស្សន៍ជាតិកម្ពុជា (ទទក) និងក៏ដូចការចាក់ផ្សាយបន្តតាមទូរទស្សន៍នានាផងដែរ។
យ៉ាងណាមិញ សម្រាប់ឆ្នាំថ្មី២០២១ នេះផងដែរ បើតាមការសង្កេតឃើញ នោះតួអង្គដែលជាទេវធីតាតំណាងកូនៗរបស់កបិលមហាព្រហ្មទាំង ៧ អង្គ គឺសុទ្ធតែស្រស់ៗស្អាតព្រមគ្នាតែម្តង។ ក្នុងនោះ ទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ដែលត្រូវបានបន្តវេនពីទេវធីតាឆ្នាំចាស់ គឺព្រះនាង មណ្ឌាទេវី ជា បុត្រីទី៤ នៃ កបិលមហាព្រហ្ម ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកទស្សនា ព្រោះថាកញ្ញាមួយរូបនេះ គឺពិតជាស្រស់ស្អាតយ៉ាងខ្លាំងតែម្តង។
ពិតមែនហើយ អ្នកទស្សនាជាច្រើន ប្រាកដជាឆ្ងល់ថា តើតួអង្គទេវធីតាឆ្នាំថ្មី ឆ្នាំឆ្លូវ ដ៏ស្រស់ស្អាតនេះ គឺជានរណា?។ នោះនាងមានឈ្មោះថា សាន្ត កុសុមៈ គឺជានិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងជាម្ចាស់មកុដបវរកញ្ញា «ធីតាឯកសង្រ្កាន្តឆ្នាំ២០២១» កាលពីពេលកន្លងទៅ ។ ក្រៅពីនេះ កញ្ញា សាន្ត កុសុមៈ ក៏ត្រូវបានដឹងថា គឺជាតារាសម្តែង និងជាតួឯកស្រីក្នុងរឿង «នគរមាស» ទៀតផង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










