Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីម្នាក់ប្រឌិតរឿងថា មានចោរចូលប្លន់ដល់ក្នុងបន្ទប់ តាមពិតបានយកគ្រឿងអលង្ការទាំងអស់ ទៅលក់យកលុយ ឱ្យបងស្រីបង្កើត ដោយខ្លាចប្ដីដឹងស្ដីបន្ទោស

ស្ទឹងត្រែង៖ កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ហាក់ គឹមមួយ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង អំពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់) អស់មាសចំនួន ១តម្លឹង ៣ជី, កងដៃ និងខ្សែដៃផ្លាកទីន សរុបជាប្រាក់ ៣,០០០,០០០រៀល និងប្រាក់រៀល ៧,០០០,០០០រៀល ប្រព្រឹត្តនៅចំណុចផ្ទះលក់អីវ៉ាន់ចាប់ហួយ ឈ្មោះ ហាក់ គឹមមួយ ស្ថិតនៅភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោង ១៩:០០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ក្រោយពីទទួលបាបពាក្យបណ្ដឹង លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបញ្ជាឱ្យជំនាញចុះស្រាវជ្រាវស៊ើបអង្កេត សង្ស័យថា ជនរងគ្រោះផ្ដល់សក្ខីកម្មក្លែងក្លាយ ភូតកុហកដល់សមត្ថកិច្ច ។ ការិយាល័យជំនាញបានហៅ ឈ្មោះ ហាក់ គឹមមួយ មកធ្វើការសាកសួរសារជាថ្មី រូបគេបានសារភាពថា៖ គ្រឿងអលង្ការទាំងអស់ខាងលើ រូបគេបានយកទៅលក់យកលុយ ឱ្យបងស្រីបង្កើត ឈ្មោះ ហាក់ គឹមហឿន និងមួយចំនួនទៀតឱ្យទៅឪពុកម្ដាយ ដើម្បីព្យាបាលជំងឺ ដោយខ្លាចប្ដីដឹងស្ដីបន្ទោស រូបគេក៏បានប្រឌិតរឿង មានចោរចូលប្លន់ដល់ក្នុងបន្ទប់ ជំរិតយកលុយដោយមានអាវុធខ្លី។

បច្ចុប្បន្នបុគ្គលរូបនេះបានសារភាពទទួលកំហុស និងបានធ្វើការសុំទោស ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្ត លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងជំនាញទាំងអស់ ចំពោះករណីប្រឌិតខាងលើ ព្រមទាំងបានធ្វើកិច្ចសន្យាបញ្ឈប់រឿងបែបនេះទៀតនៅថ្ងៃក្រោយ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×