Sunday, February 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណីក្លែងបន្លំប្រើប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធ្វើការឆបោកតាមប្រព័ន្ធអនឡាញ ពិសេសក្នុងក្រុម Telegram ឈ្មោះ “OCIC ក្រុមហ៊ុនវិនិយោគ”

រាជធានីភ្នំពេញ  ៖ ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណី ឆបោកតាមប្រព័ន្ធអនឡាញ ពិសេសក្នុងក្រុម Telegram ឈ្មោះ “OCIC ក្រុមហ៊ុនវិនិយោគ” ដែលបានប្រេីប្រាស់ឈ្មោះ និងរូបភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដេីម្បីប្រព្រឹត្តិបទល្មេីស និងសូមសមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់។

ក្រុមអ្នកនាំពាក្យនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) សូមជម្រាបជូនដល់ សាធារណជន អាជ្ញាធរមានសមត្ថកិច្ច និងបណ្ដាញសារព័ត៌មាន មេត្តាជ្រាបថា៖ កន្លងទៅ មានក្រុមជនខិលខូចបាន បង្កើតក្រុម Telegram ឈ្មោះ “OCIC ក្រុមហ៊ុនវិនិយោគ និងឈ្មោះប្រហាក់ប្រហែល ក្នុងគោលបំណងបញ្ចុះបញ្ចូល ប្រជាពលរដ្ឋឱ្យចូលក្នុងអន្ទាក់នៃការឆបោក។ ក្រុមនេះបានយករូបភាព និងឈោ្មះ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល បុគ្គលល្បីៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម ដោយគ្មានការអនុញ្ញាត ទៅបង្កើតគណនីក្លែងក្លាយ សម្រាប់គាំទ្រសកម្មភាពប្រព្រឹត្តិបទល្មើសរបស់ខ្លួន។

គណនីទាំងនោះ បានបង្កើតសេណារីយ៉ូប្រឌិតផ្សព្វផ្សាយរូបភាព ប្រតិបត្តិការធនាគារ ក្រដាស់ប្រាក់ គ្រឿងអលង្ការ និងសកម្មភាពផ្សេងៗ ដោយអះអាងថាការផ្ទេរប្រាក់វិនិយោគទៅក្រុមខ្លួន បានផលចំណេញខ្ពស់ក្នុង រយៈពេលខ្លី។ ការទាក់ទាញឱ្យជនរងគ្រោះធ្លាក់ក្នុងអន្ទាក់នៃការឆបោកនេះ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ក្នុងបណ្តាញ Telegram ដូចរូបភាពជូនភ្ជាប់ក្នុងឧបសម្ព័ន្ធ។

ដើម្បីចៀសវាងការភាន់ច្រឡំជាសាធារណៈ ក្រុមអ្នកនាំពាក្យនៃ ក.អ.ក. សូមធ្វើការបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. មិនមានជាប់ពាក់ព័ន្ធជាមួយក្រុមឆបោកខាងលើឡើយ។ ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ក្រាប និងលុបបំបាត់ ការឆបោកតាមប្រព័ន្ធអនឡាញ ក្រុមអ្នកនាំពាក្យនៃ ក.អ.ក. សូមធ្វើការអំពាវនាវដូចខាងក្រោម៖ ១. សូមអជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដែលយើង ខ្ញុំកំពុងសហការយ៉ាងជិតស្និត បន្តជំរុញពន្លឿនចាត់វិធានការលើករណីនេះ
២. សូមសាធារណជន មេត្តាប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយពាក់ព័ន្ធនឹងការវិនិយោគដែលគ្មាន អត្តសញ្ញាណច្បាស់លាស់ និងសូមរាយការណ៍ទៅកាន់សមត្ថកិច្ចប្រសិនបើបានជួបប្រទះករណីសង្ស័យ ៣. សូមបណ្ដាញសារព័ត៌មាន មេត្តាចូលរួមជាមួយសមត្ថកិច្ច ក្នុងការផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹង ជាសាធារណៈ ឱ្យបានទូលំទូលាយអំពីវិធីកំណត់អត្តសញ្ញាណនៃការឆបោក និងវិធីបង្ការការពារ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×