Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកណ្តាល សម្រេចបិទផ្សារគគីរបណ្តោះអាសន្ន ក្រោយរកឃើញអាជីវករ៧នាក់កើតជំងឺកូវីដ១៩

កណ្ដាល ៖ អភិបាលខេត្តកណ្តាល សម្រេចបិទផ្សារគគីរ នៅស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោយរកឃើញអាជីវករ៧នាក់កើតជំងឺកូវីដ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់លោក គង់ សោភ័ណ អភិបាលខេត្តកណ្ដាល ដែលបណ្ដាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ព្រមទាំងអជ្ញាធរស្រុកកៀនស្វាយ និងកងកម្លាំងមានសមត្ថកិច្ច នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យ លើកការងារបិទផ្សារគគីរ ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ជាបណ្តោះអាសន្ន បន្ទាប់ ពី បានរក ឃើញ ប្រជាពលរដ្ឋក្នុងតំបន់នេះចំនួន ៧នាក់ មានផ្ទុកជំងឺកូវីដ-១៩។

ក្នុងការចុះបិទផ្សារនេះ ឯកឧត្តមអភិបាលរងខេត្តបាន ធ្វើការសំណូមពរដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាយល់ និងអធ្យាស្រ័យ សូមចូលរួមសហការជាមួយអាជ្ញាធរខេត្ត ការបិទផ្សារនេះគឺធ្វើឡើងដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ សំដៅបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍លក្ខណៈទ្រង់ទ្រាយធំ។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម នូវប៉េង ច័ន្ទតារា ក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ជៀសវាងកុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ ដោយត្រូវនាំគ្នាបន្តរក្សាអនាម័យឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល បើមិនមានការចាំបាច់សូមកុំចេញពីផ្ទះ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ អាកុល ឬជែលឲ្យបានញឹកញាប់ ករណីមានបញ្ហាសុខភាពគួរឲ្យសង្ស័យត្រូវរាយការណ៍មកអាជ្ញាធរ និងគ្រូពេទ្យជាបន្ទាន់ ជាពិសេសត្រូវអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ឲ្យបានគ្រប់ៗគ្នា។

រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនអាជីវករមួយចំនួននៅផ្សារគគីរ ស្ថិតនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ បានឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ដែលស្ថានភាពនេះអាចរីករាលដាលជាបន្តបន្ទាប់គួរឲ្យព្រួយបារម្ភ និងចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់។

ចំពោះមុខ រដ្ឋបាលខេត្តកណ្តាល សូមផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរ ស្រុកកៀនស្វាយ ចាប់គិតពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ រហូតដល់មានការជូនដំណឹងថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅដល់បងប្អូនអាជីវករ អតិថិជនដទៃទៀត ក៏ដូចប្រជាពលរដ្ឋដែលចេញចូលផ្សារនេះ។

ក្នុងអំឡុងពេល នៃការផ្អាកដំណើរការជាបណ្តោះអាសន្នផ្សារគគីរនេះ រដ្ឋបាលខេត្តកណ្តាល ធានារ៉ាប់រងលើការងារសន្តិសុខ និងសុវត្ថិភាពចំពោះសម្ភារៈ និងឥវ៉ាន់គ្រប់ប្រភេទរបស់បងប្អូនអាជីវករ ដែលបានរក្សាទុកក្នុងតូបនីមួយៗ មិនឲ្យមានការបាត់បង់ និងមិនតម្រូវឲ្យមានការបង់ថ្លៃសេវា ទៅឲ្យភាគីពាក់ព័ន្ធណាមួយឡើយ។

ដោយឡែកចំពោះផលិតផលដែលអាចខូចគុណភាព ដូចជា បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុត ។ល។ សូមបងប្អូនអាជីវករមេត្តាទំនាក់ទំនងជាមួយគណៈកម្មការផ្សារ ដើម្បីយកទៅរក្សាទុកដោយខ្លួនឯង ចៀសវាងការខូចខាតជាយថាហេតុ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តកណ្ដាល ក៏បានចេញសេចក្ដីជូនដំណឹងមួយផ្សេងទៀត បង្ហាញពីឈ្មោះអ្នកកើតជំងឺកូវីដ១០ និងទីតាំងដែលអ្នកជំងឺនោះបានទៅដល់ផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×