ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង បានថ្លែងយ៉ាងដូច្នេះថា «សូមជំរាបជូនថា បើទោះបីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបាន Lockdown រយៈពេល១៤ថ្ងៃ ប៉ុន្តែហាងទំនិញលក់ម្ហូបអាហារ ភេសជ្ជៈ ទំនិញចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃមួយ ចំនួន នៅតែបន្តបម្រើជូនប្រជាពលរដ្ឋ សូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំថាហាងទាំងអស់ត្រូវបានបិទ ហើយសូមលើកទឹកចិត្តដល់ម្ចាស់ម្ហូបអាហារឲ្យនៅបន្តលក់ដូរដូចធម្មតា»។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានប្រកាសចាត់វិធានការតាមផ្លូវច្បាប់ ហើយបានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធ ចុះស្រាវ ជ្រាវជាបន្ទាន់ ចំពោះម្ចាស់ ហាង និងកន្លែងលក់ដូរទំនិញទាំងឡាយណា ដែលឡើងថ្លៃហួសហេតុគ្រាដែលកម្ពុជាកំពុងផ្ទុះនូវការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តម ឃួង ស្រេង បានចាត់ទុកថា ការដំឡើងថ្លៃទំនិញហួសហេតុនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ គ្រាដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការជាបន្ដបន្ទាប់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ក្នុងរាជធានីភ្នំពេញ និងក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការចេញមកប្រកាសចាត់វិធាន ការតាមផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា អាជីវករមួយចំនួនបានឆ្លៀត ឱកាសកេងចំណេញហួស ហេតុ គ្រាដែលប្រជាពលរដ្ឋនាំគ្នាសម្រុកទៅទិញស្បៀង អាហារដើម្បីត្រៀមទុកនៅក្នុង ក្រោយមានការបែកធ្លាយសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញវិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




