ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការព្រមានថា និងដោយចុះបិទឃ្លាំងលក់រថយន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បើម្ចាស់ឃ្លាំងទាំងនោះនៅតែបំពាន បន្តបើកអាជីវកម្មរបស់ខ្លួន ដោយមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ–១៩ ខណៈដែលជំងឺនេះកាន់តែរីករាលដាលខ្លាំងឡើង។
រដ្ឋបាលរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយបានផ្ញើសារព្រមានមួយទៅកាន់ម្ចាស់ឃ្លាំងរថយន្ត សូមបញ្ឈប់អាជីវកម្មជាបន្ទាន់ បើមិនចង់ប្រឈមនឹងការចុះបិទអាជីវកម្ម។
រដ្ឋបាលរាជធានីភ្នំពេញ មានសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់កន្លែងលក់រថយន្តទាំងអស់ នឹងចូលរួមជាមួយអាជ្ញាធរ ក្នុងការកាត់ផ្តាច់ការចម្លងជំងឺកូវីដ–១៩ ដែលកំពុងឆ្លងខ្លាំងនៅពេលនេះ។
ការព្រមានចំៗទៅដល់កន្លែងលក់រថយន្តខាងលើនេះ បានកើតឡើង ក្រោយមានព័ត៌មានថា ឃ្លាំងលក់រថយន្តខ្លះនៅតែបំពាន ហើយនៅបន្តលក់រថយន្តដោយមិនចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញនោះឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ–១៩ ដែលកំពុងមានការកើនឡើងខ្លាំង ។
ការដាក់ចេញវិធានការនេះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាផងដែរ។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ




