ព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង។
បើតាមសេចក្ដីជូនដំណឹង ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖
១) ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ-ស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង។
២) គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ ទីតាំងអាជីវកម្ម ផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រខេត្ត ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ។
៣) ប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗខ្លួន ក្នុងគ្រួសារនីមួយៗ។ ចំពោះការជួបជុំប្រមូលផ្តុំគ្នាច្រើន ពីផ្ទះមួយ ទៅផ្ទះមួយ ការពិសារគ្រឿងស្រវឹង និងការចាក់បាសរាំកម្សាន្ត តាមផ្ទះត្រូវហាមឃាត់ជាដាច់ខាត។
៤) ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ត្រូវធ្វើការណែនាំ ហាមឃាត់ និងទប់ស្កាត់ការជួបជុំ លក់ដូរ និងការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥) គ្រប់ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត អាជីវករ អ្នកលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលមិនអនុវត្តតាម ការណែនាំខាងលើ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ម្ចាស់អាជីវកម្មគ្រប់ប្រភេទ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តសេចក្តីណែនាំខាងលើ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ





