ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានធ្វើការអំពាវនាវឲ្យបងប្អូនអាជីវករទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការរដ្ឋបាល ។

ក្នុងសន្និសីទសារព័ត៌មានមួយ នារាត្រីថ្ងៃទី១៥ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង បានមានប្រសាសន៍ថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំ បងប្អូន អាជីវករដែល
លក់ដូរគ្រឿងអាហារហូបចុករួចហើយ មិនត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ ។ រដ្ឋបាលរាជធានីភ្នំពេញ និងមានវិធានការនៅថ្ងៃក្រោយ ដោយមិនអាចឲ្យឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ ។
លោកបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់ចែងរឿងនេះ។ ចំណែក ក្រសួងពាណិជ្ជកម្ម ក៏បានចាត់ចែងក្រុមការងារ ដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកឲ្យឈ្មួយទុច្ចរិតរួចខ្លួនទេ ។
លោកបានអំពាវនាវឲ្យបងប្អូនអាជីវករ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្ររបស់យើង ខណៈដែលពួកគាត់កំពុងមានទុក្ខ យើងត្រូវរួមគ្នាទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោកបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ ។ រដ្ឋបាលរាជធានីភ្នំពេញ ទទួលយកមិនបានទេ ។
លោកឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសឲ្យផុតពីគ្រោះដ៏កាចសាហាវនៃជំងឺកូវីដ-១៩នេះ ដូច្នេះសូមបងប្អូនអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជំងឺកូវីដ-១៩នេះទាំងអស់គ្នា៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ







