ភ្នំពេញ ៖ ដើម្បីពង្រឹងឱ្យបាននូវការបិទខ្ទប់រាជធានីភ្នំពេញកុំអោយមានការរីកសាយភាយបន្តជម្ងឺកូវីដ-១៩ និងដើម្បីឱ្យដំណើរការនៃការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលមានភាពចាំបាច់ ស្របទៅតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលពីកណ្តាលអធ្រាត្រថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នេះ លោក ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យកម្លាំង មានសមត្ថកិច្ច និងស្ថានភាពទូ ទៅតាមគោលដៅអនុវត្តការសម្រេចបិទខ្ទប់រាជធានីភ្នំពេញនេះ ។
គួរបញ្ជាក់ថា ៖កាលពីល្ងាចថ្ងៃទី១៦ មេសា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈកិច្ចប្រជុំ video conference នៅសាលារាជធានីភ្នំពេញ ដែលមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ ស្នងការនគរបាលរាជធានីភ្នំពេញនិងមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងដាក់គោលដៅប្រចាំការនៅ គោលដៅបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញត្រូវអនុវត្តការសម្រេចរបស់រាជរដ្ឋាភិបាលជុំវិញការបិទខ្ទប់រាជធានីភ្នំពេញរយៈពេល១៤ថ្ងៃនេះឱ្យទទួលបានជោគជ័យ។
ជាមួយគ្នានិងការអនុវត្តសេចក្តីសំរេចនេះ អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចត្រូវបើកទូលាយឱ្យបងប្អូនអាជីវករ រកស៊ីដឹកត្រី សាច់ បន្លែ បង្កាទៅផ្គត់ផ្គង់នូវទីផ្សារ ដោយមិនត្រូវឃាត់ពួកគាត់
សួរនាំរកឯកសារច្រើនពេកទេ ព្រោះយើងបានឃើញច្បាស់ហើយថា ពួកគាត់ដឹកជញ្ជូនអីច្បាស់នឹងភ្នែកហើយ។
នៅរាជធានីភ្នំពេញមានគោលដៅដែលត្រូវឃាត់ បិទខ្ទប់រាជធានីភ្នំពេញ ចំនួន៣៧ទីតាំង ក្នុងនោះរួមមានសម្រាប់ច្រក ចេញ ចូលរាជធានីមានចំនួន៩ទីតាំង និងមាន២៨ទីតាំងទៀត នៅក្នុងខណ្ឌទាំង១៤របស់រាជធានីភ្នំពេញ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ












