ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌ មាន អំពីការលក់អង្ករបញ្ចុះតម្លៃ
ចាប់ពី១ម៉ឺនទៅ២ម៉ឺនរៀលក្នុង១បេ ៥០គីឡូក្រាម ក្នុងពេលដែលប្រជាពលរដ្ឋ កំពុងជួបការលំបាកក្នុងពេលអនុវត្តវិធានការបិទខ្ទប់ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១៩ មេសានេះថា បន្ថែមលើយន្តការនៃការទប់ស្កាត់ ការដំឡើងថ្លៃម្ហូបអាហារ ជាពិសេស អង្ករ ដែលក្រុម ហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានដាក់ចេញនិងកំពុងបន្តអនុវត្ត តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១កន្លងមក មានសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា មួយចំនួនទៀត ដែលមានដេប៉ូលក់រាយ អាស័យដ្ឋាន នៅមុខរ៉ារទះភ្លើង និងអាចដំណើរការក្នុងតំបន់បិទខ្ទប់ចល័តចាប់ពីថ្ងៃនេះតទៅ សម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ដោយយល់ព្រមបញ្ចុះថ្លៃអង្ករបន្ថែមទៀត។
សហព័ន្ធស្រូវអង្ករបានបន្តថា ការបញ្ចុះតម្លៃនេះមានចាប់ពីចំនួន ២០០ ០០០ រៀល (ម្ភៃម៉ឺនរៀល) ទៅ ៤០០ ០០០ រៀល ( សែមស៊ិប ម៉ីនរៀល) (ក្នុងមួយតោន ឬស្មើនឹង ១០ ០០០ (មួយម៉ឺនរៀល) ទៅ ២០ ០០០(ពីរម៉ីនរៀល) ក្នុងមួយបេ សម្រាប់ទម្ងន់៥០គីឡូក្រាម ទៅតាមប្រភេទ និងស្តង់ដាបទដ្ឋានគុណភាពអង្ករ ដែលមាននៅក្នុងស្តុក ចាប់ពីពេលនេះតទៅ រហូតដល់ស្ថានការណ៍បានធូរស្បើយឡើងវិញ ហើយសមាជិកបន្ថែមទៀត នឹងចូលរួមជាបន្តបន្ទាប់នៅពេលដែលបុគ្គលិក កម្មករនិងចំនួនសន្និធិអង្ករថ្មី អាចចរាចរណ៍ចូលមកដល់ដេប៉ូ ក្នុងតំបន់បិទខ្ទប់បាន ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



