ខេត្តកំពង់ស្ពឺ៖ កម្ពុជាបានបញ្ជាទិញឡអគ្គិសនីត្រៀបបូជាសពអ្នកមានជំងឺកូវីដ១៩ ចំនួន ២គ្រឿងបន្ថែមទៀតហើយត្រូវបានដឹកមកដល់សាលាស្រុកឱរ៉ាល់នៃខេត្តកំពង់ស្ពឺ រួចរាល់ហើយដែរ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ដែលធ្វើឱ្យចំនួនឡបូជាសពអ្នកកើតកូវីដ១៩ សរុបមានចំនួន ៤គ្រឿង និងកំពុងត្រៀមបូជាសពអ្នជំងឺកូវីដ-១៩នាពេលខាងមុខផងដែរ។
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុម អ្នកជំនាញបាននិងកំពុងដំឡើងឡអគ្គិសនីទំនើបស្វ័យប្រវត្តិកម្មនេះនៅលើផ្ទៃដី ១០ ហិកតា ស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ សម្រាប់បូជាសព អ្នក ស្លាប់ ដោយសារជំងឺកូវីដ ១៩។ ទីតាំងឈាបនដ្ឋាននេះ គ្រោងនឹងបើកឱ្យដំណើរការក្នុងពេលឆាប់ៗនេះ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់បន្ថែមថា ដោយស្ថិតក្នុងបរិបថនៃការឆ្លងរីករាលនេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះការរីកដាលជំងឺកូវីដ-១៩នេះ។ ដូច្នេះខេត្តនិងខេត្តត្រូវបានបិទការឆ្លងកាត់ទៅមក ហើយស្រុក-ខណ្ឌមួយចំនួនត្រូវបានបិទខ្ទប់ដើម្បីកាត់បន្ថយអត្រាឆ្លងរាលដាល។លោកថា ដើម្បីកាត់បន្ថយកំណើននៃការឆ្លង បុគ្គលគ្រប់រូបត្រូវតែគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏មានប្រសិទ្ធិភាព ៣កុំ ៣ការពារ។

លោក មួង ធី ដែលជាអភិបាលស្រុកឱរ៉ាល់់ បានឱ្យដឹងថា ក្រោយធ្វើការរៀបចំ ក្រុមការងារបច្ចេកទេសក៏បានតភ្ជាប់បណ្ដាញអគ្គិសនីទៅដល់ទីតាំងឈាបនដ្ឋានរួចរាល់ហើយដែរ។ ជាមួយនោះដែរ ឡទាំង ៤គ្រឿង ដែលត្រៀមសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ ដែលបញ្ជាទិញពីប្រទេសជិតខាងក៏ត្រូវបានដឹកមកដល់ស្រុកឱរ៉ាល់រួចរាល់ហើយ។
កម្ពុជា បានបញ្ជាទិញគ្រឿងឧបករណ៍ និងសម្ភារសម្រាប់ឡអគ្គិសនីត្រៀមបូជាសពអ្នកដែលបានស្លាប់ដោយ សារជំងឺកូវីដ១៩ ពីប្រទេសថៃ កាលពីដើមខែមីនា បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសពីហានិភ័យកាន់តែខ្លាំងឡើងនៃការឆ្លង រីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយតម្រូវឲ្យគ្រប់អាជ្ញាធររាជធានី-ខេត្ត ដែល មានការឆ្លង រីករាលដាលនៃជំងឺនេះ ធ្ងន់ធ្ងរ ត្រូវរៀបចំឈាបនដ្ឋាន និងកន្លែងបញ្ចុះសព អ្នកដែលស្លាប់ ដោយ ជំងឺកូវីដ១៩នេះ។
បច្ចុប្បន្ន ក្រុមអ្នកជំនាញបច្ចេកទេស កំពុងរៀបចំផ្គុំគ្រឿងឧបករណ៍ សម្ភារ ដើម្បីដំឡើងឡ នេះ នៅលើគ្រឹះ បេ តុង ដែលជាជើងទម្រ ដើម្បីភ្ជាប់បណ្ដាញ អគ្គិសនី ហើយយ៉ាងយូរមួយសប្ដាហ៍ទៀត នឹងត្រូវរួចរាល់ជាស្ថាពរ។
គួរបញ្ជាក់ថា តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បច្ចុប្បន្ន គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១នេះ មានអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ចំនួន ៤៥ នាក់ហើយ ៕
រក្សាសិទ្ធិដោយ ៖ CEN






