Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវម៉ែន សំអន អំពាវនាវឱ្យពលរដ្ឋអត់ធ្មត់ និងសូមចូលរួមទប់ស្តាត់កូវីដ-១៩ ដោយសារជំងឺនេះកើតហើយ និងពេលស្លាប់ទៅ មិនមានញាតិមិត្ត បងប្អូនទៅមើលថែនិងទៅធ្វើបុណ្យជូនដូចសព្វដងទេ

ភ្នំពេញ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយរាជធានីភ្នំពេញ បានសូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ មានការអត់ធ្មត់ ក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩ ដោយសារតែជំងឺនេះ ពេលឆ្លងវាទៅនិងពេលស្លាប់មិនមានញាតិមិត្ត បងប្អូនទៅមើលថែនិងទៅធ្វើបុណ្យជូន ដូចកាលពីមិនមានជំងឺកូវីដនោះទេ។

ការអំពាវនាវបែបនេះរបស់ លោកជំទាវម៉ែន សំអន បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២១នេះ ខណៈដែរ លោកជំទាវ និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខណ្ឌទួលគោក ចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន៦០០គ្រួសារ ដែលបាននិងកំពុងបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់ជំងឺ-១៩ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកជំទាវម៉ែន សំអន បានមានប្រសាសន៍ថា សម្ដេចតេជោហ៊ុន សែន បានគិតគូរនិងព្រួយបារម្ភ យ៉ាងខ្លាំងបំផុត ចំពោះ សុខទុក្ខបងប្អូនប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលកូវីដ-១៩នេះ ដោយសម្ដេច បានចេញនូវសេចក្តីសម្រេចជាច្រើនលើក ច្រើនសារ ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីបង្ការនិងទប់ស្កាត់នូវជំងឺដ៏កាចសាហាវនេះ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោហ៊ុនសែនគឺ ៣កុំនិង៣ការពារ។

លោកជំទាវបញ្ជាក់ផងដែរថា ជំងឺដ៏កាចសាហាវនេះនៅក្នុងពេលដែលយើងបានឆ្លងវាហើយ គឺមិនមានបងប្អូនសាច់ញាតិណាមើលថែទេ ហើយពេលស្លាប់ទៅ ក៏មិនមានអ្នកទៅធ្វើបុណ្យ ដូចកាលពីមិនទាន់មានកូវីដ-១៩ដែរ ។ ដូច្នេះយើងទាំងអស់គ្នា ត្រូវតែរួមគ្នា ដើម្បីទប់ស្កាត់ឲ្យបានជំងឺកូវីដ-១៩នេះ ខណៈដែលរាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ជាបន្តបន្ទាប់នៃការបិទខ្ទប់ រាជធានីភ្នំពេញរយៈពេល ១៤ថ្ងៃ ។ ក្នុងរយៈពេល១៤ថ្ងៃនេះ សូមបងប្អូនទាំងអស់អត់ធ្មត់ ។ ក្រោយ១៤ថ្ងៃ បើយើងអាចបិទខ្ទប់បានជោគជ័យ បងប្អូនប្រជាពលរដ្ឋអាចនឹងដើរហើរ និងប្រកបរបររកស៊ីប្រចាំជីវិតដូចធម្មតាឡើងវិញហើយ។

ជាមួយគ្នានោះលោកឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានមានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ ដែលទទួលអំណោយរបស់សម្ដេចតេជោ នៅពេលនេះ គឺជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ១៤ ភូមិ១៦ និង១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ
មី ទឹកត្រីនិងទឹកស៊ីអ៊ីវ ដើម្បីចូលរួមរំលែកនូវការលំបាក ពេលដែលបងប្អូនត្រូវបានរដ្ឋាភិបាលក៏ដូចជា
រដ្ឋបាលរាជធានីភ្នំពេញបិទខ្ទប់មិនឲ្យចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×