Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិក នៅដើមឆ្នាំនេះ កើនឡើងបន្តិចបន្តួច

ភ្នំពេញ ៖ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ សហរដ្ឋអាមេរិករយៈពេល២ខែដំបូង នៅឆ្នាំ២០២១នេះ មានអត្រាកំណើនតិចតួចប៉ុណ្ណោះ ខណៈដែលការនាំចេញរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ សម្រេចបានក្នុងអត្រាកំណើនខ្ពស់បំផុត ពុំធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ។

យោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក រយៈពេល២ខែដំបូងឆ្នាំ២០២១នេះ ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក សម្រេចបានក្នុងអត្រាកំណើនត្រឹមតែ ៣.៤% ប៉ុណ្ណោះ ខណៈដែលការនាំចេញរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០កន្លងទៅសម្រេចបាន អត្រាកំណើនរហូតដល់ទៅ៤៨%ឯណោះ។ ហើយអត្រាកំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហេដ្ឋអាមេរិក កាលពីដើមឆ្នាំ២០២០នេះដែរ គឺជាអត្រាកំណើនខ្ពស់បំផុតពុំធ្លាប់មានទេ ក្នុងរយៈពេលជាង១ទសវត្សរ៍ឆ្នាំចុងក្រោយនេះ បើទោះជានៅឆ្នាំ២០២០ កម្ពុជាទទួលរងគ្រោះដោយសារវិបត្តិជំងឺកូវីដ យ៉ាងណាក៏ដោយ។

ដោយឡែកសម្រាប់ឆ្នាំ២០២១នេះវិញ បើយោងតាមតួលេខការិយាល័យជំរឿនសហរដ្ឋអាមេរិក ក្នុងរយៈពេល២ខែដំបូងឆ្នាំ២០២១នេះ ការនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកមានទឹកប្រាក់ចំនួន ១១២០ លានដុល្លារ ដោយបានកើនឡើង ទឹកប្រាក់ពីចំនួនជាង ១០៨៣លានដុល្លារ រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ។

សហរដ្ឋអាមេរិកគឺជាទីផ្សារធំបំផុតលំដាប់ទី២ សម្រាប់ពីកម្ពុជាបន្ទាប់ពីទីផ្សារសហគមន៏អឺរ៉ុប ក្នុងនោះសហរដ្ឋអាមេរិក បានស្រូបយកចន្លោះពី២៥%ទៅ៣០% នៃទំនិញសរុបដែលបាននាំចេញពីកម្ពុជា។

សូមបញ្ជាក់ថា ទំនិញដែលនាំចេញពីកម្ពុជា ទៅទីផ្សារអាមេរិកភាគច្រើនលើសលុប ជាផលិតផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង។ ហើយកាលពីឆ្នាំ២០២០កន្លងទៅ កម្ពុជានាំចេញទៅទីផ្សារអាមេរិក សម្រេចបានក្នុងទឹកប្រាក់ជិត៦៦០០លានដុល្លារ ខណៈកម្ពុជានាំចូលពីសហរដ្ឋអាមេរិក មានទឹកប្រាក់ចំនួនជិត៣៤៤លានដុល្លារ៕រក្សាសិទ្ធិដោយ៖CEN

×