នេះជារឿងពិតរបស់ជាងឈើម្នាក់ឈ្មោះ Loren Krytzer នៅរដ្ឋកាលីហ្វ័រនីញ៉ា អាមេរិក គាត់បានដាច់ជើងម្ខាងដោយគ្រោះថ្នាក់ចរាចរណ៍ កាលពី១០ឆ្នាំមុន។
ចាប់តាំងពីពេលនោះមកលោក Loren បានបាត់បង់សមត្ថភាពពលកម្មរស់នៅពឹងពាក់លើប្រាក់ឧបត្ថម្ភ ២០០ដុល្លារ ក្នុង១ខែប៉ុណ្ណោះ។ ប៉ុន្តែអ្វីៗបានប្រែប្រួលបន្ទាប់ពីលោកអង្គុយទស្សនាកម្មវិធីទូរទស្សន៍ Antiques Roadshow ដែលជាកម្មវិធីជំនាញខាងវាយតម្លៃវត្ថុបុរាណដ៏ល្បីល្បាញ។ លោក Loren បានឃើញរូបភាពនៃភួយបុរាណមួយដែលគេកំពុងដាក់តាំងឧទ្ទេសនាមនៅក្នុងទូរទស្សន៍ ពិតជាស្រដៀងនឹងភួយកញ្ចាស់ដែលជីដូនគាត់បន្សល់ទុកឲ្យ។
ដោយកើតក្តីមន្ទិលសង្ស័យថា ភួយកញ្ជាស់នេះជាភួយបុរាណរបស់ជនជាតិដើម Navajo រស់នៅតំបន់និរតីប្រទេសអាមេរិក លោកសម្រេចចិត្តយកវាទៅឲ្យគេត្រួតពិនិត្យ។ លទ្ធផលបានធ្វើឲ្យឡូរ៉េន និងគ្រួសារអរដល់ថ្នាក់ស្រែកយំ ព្រោះថាភួយកញ្ចាស់នេះ គឺពិតជាភួយបុរាណមានអាយុកាល ២០០ឆ្នាំ ហើយតម្លៃវាគឺ ១,៥លានដុល្លារ ។ តែមួយប៉ប្រិចភ្នែកប៉ុណ្ណោះ មនុស្សក្រីក្រម្នាក់រស់នៅពឹងផ្អែកលើប្រាក់ឧបត្ថម្ភរបស់រដ្ឋ Loren ស្រាប់តែក្លាយទៅជាសេដ្ឋី ពួកគេបានយកលុយនេះទៅទិញផ្ទះនិងរថយន្តថ្មី១ សល់ពីនោះគឺទុកប្រកបរបររកស៊ី៕ ចន្ទ្រា