ភ្នំពេញ ៖ យោងតាមទិន្ន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារអចលនទ្រព្យ Z1 Data Co.,LTD បានបង្ហាញថា លទ្ធភាពនៃការស្រូបទាញទីផ្សារសម្រាប់ការអភិវឌ្ឍលំនៅឋាន (ផ្ទះជាប់ដី) ក្នុងខណ្ឌឬស្សីកែវមានអត្រាកំណើនខ្ពស់ ដោយសារតែចំនួននៃការលក់ សម្រេចបានស្ទើរតែ ១០០ ភាគរយនៃចំនួនផ្គត់ផ្គង់សរុបក្នុងខណ្ឌនេះ។
ទិន្ន័យពីក្រុមហ៊ុន Z1 Data បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ ២០២០ ខណ្ឌឬស្សីកែវមានផ្ទះជាប់ដីសរុប ១៧ ២៧៩ ខ្នង ដោយសម្រេចការលក់បាន ១៦ ៨៩០ ខ្នង។ ចំនួននៃការលក់បាននេះស្មើនឹង ៩៨ ភាគរយនៃការផ្គត់ផ្គង់ ដែលនេះបង្ហាញពីសក្តានុពលដ៏ធំមួយរបស់ខណ្ឌឬស្សីកែវ ដែលមានតម្រូវការខ្ពស់ក្នុងការវិនិយោគលំនៅឋាន។
តាមទិន្ន័យដដែល បានបង្ហញថា ចំនួនផ្ទះជាប់ដីសរុបក្នុងខណ្ឌឬស្សីកែវ មានចំណែកតែ ៩ ភាគរយ នៃចំនួនផ្ទះជាប់ដីសរុប ១៨៦ ៣០៩ ក្នុងរាជធានីភ្នំពេញ។ ចំណែកឯលំនៅឋានខុនដូវិញ ខណ្ឌឬស្សីកែវមានអគារខុនដូ ២៥ គម្រោង ដែលមានបន្ទប់ស្នាក់នៅសរុបស្មើនឹង ៤ ២១៩ យូនីត ដោយលក់បាន ១ ៧៣៩ យូនីត។ ចំនួនលក់បាននេះ ស្មើនឹង ៤១ ភាគរយ ចំនួនផ្គត់ផ្គង់។
គួរកំណត់សម្គាល់ថា៖ ផ្ទះជាប់ដី គឺសំដៅលើលំនៅឋានបុរី និងបណ្តុំសំណង់ផ្ទះល្វែង សាងសង់ដោយក្រុមហ៊ុនឯកជន៕រក្សាសិទ្ធិដោយ៖CEN


