តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅរសៀលថ្ងៃទីអង្គារ ទី២០ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញទទួលនូវគ្រឿងឧបភោគបរិភោគមួយចំនួន ពី លោក ណុប នី ប្រធាន លោកអនុប្រធាន ព្រមទាំង មន្រ្តីរាជការ នៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដើម្បីចូលរួមជាមួយរដ្ឋបាលខេត្ត ទុកចែកជូនពលរដ្ឋកំពុងមានជីវភាព ខ្វះខាត ក៏ដូចជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កតាមលំនៅឋាន គ្រប់បណ្ដាក្រុងស្រុក អំឡុង ពេលជំងឺកូវីដ-១៩ កំពុងរាតត្បាតជាខ្លាំង ។
បើតាមការបញ្ជាក់ពី លោក ណុប នី ប្រធានមន្ទីរសាធារណការ បានគូសបញ្ជាក់ថា ដោយមើលឃើញពីស្ថានភាពប្រទេសយើង បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ នៅមិនទាន់ថមថយ នៅឡើយ ដែលក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេច តេជោ ហ៊ុន សែន លោកបាននឹងកំពុងតែខិតខំប្រឹងប្រែងការពារ ទប់ស្កាត់ជំងឺកូវីដ១៩នេះ កុំឱ្យឆ្លង រាលដាល ដល់សហគមន៍កាន់តែធ្ងន់ធ្ងរជាងនេះ ហើយក្នុងនោះដែរ រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក៏កំពុងតែចុះចែកអំណោយ ដល់បងប្អូនដែលធ្វើចត្តាឡីស័កជាបន្ទាប់ផង ដែរនោះ ទើបក្នុងនាមខ្លួនឯងផ្ទាល់ ក៏ដូចជាអង្គភាព បាននាំអំណោយទាំងនេះមកប្រគល់ ជូនរដ្ឋបាលខេត្ត ដើម្បីចាត់ចែង បន្តចែកទៅដល់បងប្អូន ដែលធ្វើចត្តាឡីស័កក្នុងស្ថានភាព ខ្វះខាត ។
ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានថ្លែងអំណរគុណយ៉ាង ជ្រោលជ្រៅ ចំពោះ លោក ណុប នី ប្រធាន និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានផ្តល់ជូនអំណោយ ជាគ្រឿងឧបភោគ បរិភោគទាំងនេះមករដ្ឋបាលខេត្ត ក្នុងស្ថានភាពដែលប្រទេសកម្ពុជា យើងកំពុងតែ ប្រយុទ្ធប្រឆាំង និងការពារទប់ស្កាត់ជំងឺកូវីដ១៩នេះ ។ ក្នុងនាម តំណាងឱ្យ រដ្ឋបាលខេត្ត រូបខ្លួនឯងផ្ទាល់ ក៏សូមប្រសិទ្ធពរជ័យ បវរសួរស្តី ជួបតែសុខសុភមង្គល ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អ សូមប្រកបដោយ ពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយដែលបានប្រគល់ជូននាឱកាសនោះដែរ រួមមាន៖ មីខ្លាឃ្មុំ ១៥០កេះ និងទឹកបរិសុទ្ធវីតាល់ ៥០កេះ ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តតាកែវ ៕ រក្សាសិទ្ធិដោយ៖សារឿន







