ភ្នំពេញ ៖ ដូចដែលបានដឹងស្រាប់ហើយថា ចាប់តាំងពីវីរុសកូវីដ១៩ បានវាយលុកក្នុងប្រទេសកម្ពុជាមក ជាពិសេសសម្រាប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នេះ ឃើញថាប្តីប្រពន្ធលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុនី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចេញមុខយ៉ាងសកម្មណាស់ សឹងរកពេលសម្រាកពុំបានទេ ជាមួយនិងកងទ័ពអាវស និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺនេះ។
ជាការពិតណាស់ ដោយសារតែកំណើនអ្នកឆ្លងកាន់តែច្រើនឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃឥតស្រាកស្រាន្ត ក្នុងនាមជាសមាជិកគណកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជាប្រធានក្រុមដឹកនាំក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ គឺក្រៅពីមានភារៈ ក្នុងរៀបចំទីតាំងសម្រាកព្យាបាលជំងឺកូវីដ១៩ ធំៗទាំងប៉ុន្មាន នៅក្នុងរាជធានីភ្នំពេញប៉ុណ្ណោះទេ តែគូស្នេហ៍មួយគូនេះ នៅបានចំណាយពេលវេលា កម្លាំងកាយនិងកម្លាំងចិត្ត ដោយមិនបានគិតអំពីហានិភ័យរបស់ខ្លួននោះទេ ក្នុងការចូលរួមចុះបំពេញការងារពាក់ព័ន្ធជាច្រើនទៀត ជាមួយក្រុមការងារប្រយុទ្ធប្រឆាំងជួរមុខ ដើម្បីបម្រើប្រជាជន ដោយមិនគិតតួនាទី ឋានៈ និន្នាការនយោបាយ ដើម្បីឲ្យប្រទេសជាតិឆ្លងផុត ពីជំងឺដ៏កាចសាហាវនេះ។
ដោយឡែក ក្រឡេកមកមើលរូបភាពមួយសន្លឹកនេះវិញរបស់អ្នកទាំងពីរ ឃើញថាបានកំពុងឆក់យកបេះដូង មហាជនកាន់តែពេញចិត្តខ្លាំងណាស់ និងក៏ដូចបង្ហាញអារម្មណ៍រំជួលចិត្តផងដែរ ខណៈឃើញពួកគាត់ស្ថិតក្នុងស្ថានភាពមួយ ដើរបណ្តើរគិតគ្នាបណ្តើរ ដើម្បីរកដំណោះស្រាយបញ្ហាទៅមុខទៀត។ ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានភ្ជាប់សារហាក់ស្រណោះខ្លួនឯងទាំងពីរនាក់ប្តីប្រពន្ធយ៉ាងដូច្នេះថា៖ «ពិភាក្សាការងារជាមួយមេ ក្នុងថ្ងៃចូលឆ្នាំថ្មី ប៉ុន្តែមិនមែនអំពីរឿងដើរលេងឯណាចូលឆ្នាំថ្មីនេះទេ»។
យ៉ាងណាមិញ ជាមួយរូបភាព១សន្លឹកនេះផងដែរ បានធ្វើឲ្យមហាជនជាច្រើន គឺគ្មានអ្វីក្រៅពីសម្តែងនូវការអរគុណ និងជូនពរដល់អ្នកទាំងពីរ ទទួលបានជោគជ័យក្នុងកិច្ចការសង្គមជាតិ និងមានសុខភាពល្អផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
















