Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​ថៃ នឹងមិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ថ្ងៃទី​២៤ មេសា នៅ​រដ្ឋធានី​ហ្សា​ការ​តា នោះឡើយ​

​ក​.​ក​.​ន ÷ អស់លោក ប្រិយមិត្ត​អ្នកអាន​របស់ CEN ជាទីគោរព នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២០ មេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​សារ ជូន​ជនរួមជាតិ​របស់លោក​តាមរយៈ​ទូរទស្សន៍​ក្នុងស្រុក​ដោយ​គូសបញ្ជាក់​អំពី​ដំណើរ​ទស្សន​កិច្ចការងា​រ​ទៅ​ចូលរួម​កិច្ចប្រជុំ​ដោយផ្ទាល់​នៅឯ​ទីក្រុង ហ្សា​ការ​តា ស្តីពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដ៏​ពិ​សេសមួយ​។​

​អាស៊ាន មាន​សមាជិក​ចំនួន ១០​ប្រទេស អាស៊ាន​កំពុងមាន​ចំណោទ​ដ៏​ធំ​មួយ​នោះ​គឺ វិបត្តិ​នយោបាយ​នៅ មី​យ៉ាន់​ម៉ា ដែល​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​វិបត្តិ​នយោបាយ​នៅ មី​យ៉ាន់​ម៉ា ជា​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ ហើយ​អាស៊ាន​មាន​លក្ខណៈ​ធ្វើ​សម្រេចចិត្ត​បែប​កុងសង់ស៊ីស ពោលគឺ មូលមតិ​ជា​ឯកច្ឆ័ន្ទ លើ​ការដោះស្រាយ​រឿង​អ្វីមួយ​។

​មជ្ឈមណ្ឌល​ព័ត៌មាន CEN យើងខ្ញុំ​សូម​លើកយក​អត្ថបទ​មួយ​ដែល​យើង​ប្រែ​សម្រួល​ពី​កាសែត បាងកក​ប៉ុស្តិ៍ ដែល​ទាក់ទិន​នឹង​ការមិន​ចូលរួម​របស់ នាយករដ្ឋមន្ត្រី​ថៃ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ដោយ​ចាត់​ឲ្យ​រដ្ឋមន្ត្រីការបរទេស​ថៃ ជា​អ្នកចូលរួម​ប្រជុំ​ជំនួស​លោក​វិញ​។​

តើ​ហេតុអ្វី​ទៅ​? សូម​អញ្ជើញ​អាន​អត្ថបទ​ខាងក្រោម​ដូចតទៅ​៖

​នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចន្ទ​អូ​ចា បានសម្រេច​មិន​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន ដែល​រៀបចំឡើង​ក្នុង​រដ្ឋធានី ហ្សា​ការ​តា ប្ររទេស​ឥណ្ឌូណេស៊ី ដោយ​បញ្ជូន​រដ្ឋមន្ត្រីការបរទេស​ទៅ​ជំនួស​វិញ​។ នេះ​បើតាម​ប្រភព​រដ្ឋាភិបាល​ថៃ នៅ​ថ្ងៃ​ចន្ទ​នេះ ដែល​ដកស្រង់​ចុះផ្សាយ​ដោយ​កាសែត បាងកក​ប៉ុស្តិ៍ ។ យ៉ាងណាមិញ ប្រភព​ដដែល ពុំបាន​បកស្រាយ​លម្អិត​ជុំវិញ​ហេតុផល​នៃ​ការសម្រេចចិត្ត​របស់លោក ប្រា​យុទ្ធ ឡើយ​។ ចំណែក​លោក​រដ្ឋមន្ត្រីការបរទេស​ថៃ ដុន ប្រា​ម៉ុ​ដ​វ៉ាន់​ណៃ (Don Pramudwinai) នឹង​តំណាង​ប្រទេស​ថៃ​នៅ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ស្តីពី​ស្ថានការណ៍​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​នេះ​។​

​ជំនួប​កំពូល​ពិសេស​របស់​សមាគម​ប្រជាជាតិ​អាស៊ាន ហៅ​កាត់​ថា អាស៊ាន នឹង​រៀបចំឡើង​ក្នុង​រដ្ឋធានី ហ្សា​ការ​តា ប្រទេស​ឥណ្ឌូណេស៊ី នា​ថ្ងៃ​សៅរ៍ ទី​២៤ មេសា នេះ ក្នុង​គោលដៅ​ស្វះ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នយោបាយ​ក្នុងប្រទេស មី​យ៉ាន់​ម៉ា​។ យោងតាម​កាសែត បាង​ង​កក​ប៉ុស្តិ៍ រដ្ឋមន្ត្រីការបរទេស​ថៃ អះអាង​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុននេះ​ថា មេបញ្ជាការ​កងទ័ព​មី​យ៉ាន់​ម៉ា ឧ​ត្ត​ម​សេនីយ៍ មីង អ៊ុង​ឡាង ក៏​នឹងមាន​វត្តមាន​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន នាពេល​ខាងមុខនេះ​ផងដែរ​។

​ទោះបីជា​បែបនេះ​ក្តី រដ្ឋាភិបាល​ស្រមោល នៃ​មី​យ៉ាន់​ម៉ា​របស់ អ្នកស្រី អ៊ុង​សាន ស៊ូ​ជី ក៏បាន​ទទូច​ឲ្យ​មេដឹកនាំ​អាស៊ាន​ផ្ដល់​កៅអី​ឲ្យ​ពួកគេ ដើម្បី​ចូលរួម​ក្នុងជំនួប​កំពូល​នេះ​ផងដែរ​។​

​សូម​បញ្ជាក់ដែរថា មនុស្ស​ជាង ៧០០​នាក់​ហើយ ត្រូវបាន​សម្លាប់​ក្នុងការ​បង្ក្រាប​បាតុកម្ម​នៅ​ទូទាំងប្រទេស​ប្រឆាំង​របប​សឹក ក្រោយ​រដ្ឋប្រហារ ថ្ងៃទី​១ ខែកុម្ភៈ កន្លងមក ដែល​បាន​ផ្ដួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ មី​យ៉ាន់​ម៉ា​៕

មជ្ឈមណ្ឌល​ព័ត៌មាន CEN​

×