ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា ដោយសារអំឡុងពេលបិទខ្ទប់ ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ បាននិងកំពុងតែជួបប្រទះបញ្ហាប្រឈមនៅពេលដឹកជញ្ជូន ដែលអាចបង្កជាការរាំងស្ទះ និងយឺតយ៉ាវក្នុងការដឹកទំនិញអង្ករសម្រាប់នាំចេញ ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានអំពាវនាវដល់អ្នកទិញ (buyer) ឲ្យមេត្តាយោគយល់ និងអធ្យាស្រ័យ នៅក្នុងកាលៈទេសៈនេះ។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគកូវីដ -១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញបទបញ្ជាបិទខ្ទប់ នៅទូទាំងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៥ ខែមេសាឆ្នាំ ២០២១ ដល់ថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២១ ។
សហព័ន្ធស្រូវអង្ករកម្ពុជាលើកឡើងថា ការបិទខ្ទប់នេះបានធ្វើឱ្យមានការរំខាន ដល់រោងម៉ាស៊ីនកិនស្រូវនិងផ្នែកភស្តុភារ ដែលបណ្តាលឲ្យការដឹកជញ្ជូន មិនអាចដំណើរការចេញពីរោងម៉ាស៊ីននៅក្នុង / ឬឆ្លងកាត់ក្រុង / ខេត្ត / ស្រុកឆ្លងកាត់ទៅកំពង់ផែក្នុងកំឡុងពេលបិទខ្ទប់នេះរលូន ។
ម្យ៉ាងវិញទៀត ក្រៅពីអ្នកដែលនៅក្នុងមូលដ្ឋាន ដែលបិទខ្ទប់ក៏មានសមាជិកមួយចំនួន ដែលមិនមានទីតាំងនៅតំបន់បិទខ្ទប់ទេ ប៉ុន្តែពួកគេក៏រងផលប៉ះពាល់ផងដែរ ដោយសារតែបុគ្គលិករបស់ពួកគេរស់នៅក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅ ហើយដូច្នេះត្រូវបានខកខានដោយសារតែការរីករាលដាលនៃមេរោគនេះ ។
សហព័ន្ធស្រូវអង្ករកម្ពុជាក៏បានអំពាវនាវឱ្យមានការយោគយល់ និង ជំរុញឱ្យជួយសម្រួលដល់ស្ថានភាពពិសេសនេះ ប៉ុន្តែសហព័ន្ធក៏បានជំរុញឲ្យសមាជិកទាំងអស់ ត្រូវសហការនិងគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជានិងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ មេរោគ ហើយក៏សំណូមពរដល់អ្នកទិញ កុំពិន័យសមាជិករបស់សហព័ន្ធចំពោះស្ថានភាពនេះ ដែលហួសពីការគ្រប់គ្រងនេះ៕រក្សាសិទ្ធិដោយ៖CEN



