នេះជារឿងដ៏ចម្លែកមែនទែន គ្រាដែលសាកសពនារីវ័យក្មេងម្នាក់ ខណៈមុនពេលរៀបចំបូជា ហើយនៅពេលក្រុមគ្រួសារបើកមឈូសមើលមុខជាលើកចុងក្រោយ ស្រាប់តែឃើញមុខរបស់នាង គឺនៅតែស្រស់បស់ធម្មតា ប្រៀបដូចមនុស្សកំពុងដេកលក់អុីចឹង ដែលជាហេតុធ្វើឲ្យក្រុមគ្រួសារ សាច់ញាតិសម្រេចផ្អាកពិធីបូជាវិញ។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នារីម្នាក់ឈ្មោះ Nantida Sukchan ឬហៅថា (Nong Haa) អាយុុ ២២ ឆ្នាំ បានស្លាប់នៅវេលម៉ោង ២ យប់ ឈានចូលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ។ បន្ទាប់ពីធ្វើពិធីបុណ្យសពរយៈពេល ៣ ថ្ងៃ ក្រុមគ្រួសារក៏បានរៀបចំបូជាសពរបស់នាងនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ស្ថិតក្នុងវត្ត Sri Kolao Burapharam ស្រុក Huai Thap Than ខេត្ត Sisaket ប្រទេសថៃ ប៉ុន្តែ នៅពេលបើកគម្របមឈូស ដើម្បីមើលមុខសពជាលើកចុងក្រោយ មុនពេលបូជា ពួកគេបានរកឃើញថា មុខរបស់ Nong Haa គឺហាក់ដូចជាមនុស្សកំពុងដេកលក់ មិនស្លេកស្លាំងដូចជាមនុស្សដែលបានស្លាប់នោះទេ ដោយផ្ទៃមុខរបស់នាងគឺនៅតែស្រស់ស្អាតដដែល។
ដោយឃើញបែបនេះ ក្រុមគ្រួសារ សាច់ញាតិ ក៏សម្រេចចិត្តផ្អាកពិធីបូជាសិន ដោយលើកយកសពរបស់នាងចេញពីមឈូស និងដាក់នៅលើគ្រែគ្របមុង នៅក្នុងសាលាឆាន់វត្ត។
នៅពេលនោះ ពួកគេក៏បានអញ្ជើញគ្រូពេទ្យម្នាក់ឈ្មោះ Jiraphan Petch Khao មកកាន់វត្ត ដើម្បីមកពិនិត្យមើល។ លោក Jiraphan បានសន្និដ្ឋានថា អាការដែលនាងបង្ហាញចេញមក មុនពេលដាច់ខ្យល់ គឺនាងថប់ដង្ហើម ទើបបញ្ឈរភ្នែកដូច្នេះ តែនាងពិតជាបានស្លាប់បាត់ទៅហើយ។ តែបើទោះជាគ្រូពេទ្យបញ្ជាក់យ៉ាងដូច្នេះក៏ដោយ ក៏ពួកគេនៅតែមិនអស់ចិត្ត និងបន្តរក្សាទុក២ថ្ងៃទៀត រហូតខ្លួនប្រាណរបស់នាងប្រែប្រួល និងធុំក្លិន ទើបពួកគេសម្រេចចិត្តបូជាជាលើកចុងក្រោយ នៅថ្ងៃទី១០ ខែមេសា តែម្តងទៅ៕
រក្សាសិទ្ធិដោយ៖ លឹម ហុង












