ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងតំណាងផ្សារទំនើបនានា បានរៀបចំកិច្ចប្រជុំអនឡាញមួយ ដើម្បីរកដំណោះស្រាយ និងស្វែងយល់បន្ថែមពីផលវិបាកក្នុងការធ្វើអាជីវកម្ម ក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។
ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យ និងតំណាងផ្សារទំនើបជាច្រើន បានលើកឡើងពីបញ្ហាប្រឈមធំៗមួយចំនួនដែលកំពុងជួបប្រទះក្នុងអំឡុងបិទខ្ទប់នេះ។
ឯកឧត្តម ស៊ាង ថៃ បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវី-១៩ និងដើម្បីរក្សារស្ថេរភាពតម្លៃទំនិញ ផលិតផលនៅលើទីផ្សារ ជាពិសេសគឺផលិតផលស្បៀងអាហាររបស់ប្រជាពលរដ្ឋ។
ឯកឧត្តម បានស្នើដល់ម្ចាស់ផ្សារទំនើបទាំងអស់ ចូលរួមសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការដាក់លក់ទំនិញរបស់ខ្លួន ក្នុងវេបសាយរបស់ក្រសួងពាណិជ្ជកម្ម ឬសហការដឹកជញ្ជូនទំនិញជូនប្រជាពលរដ្ឋដែលស្ថិតនៅក្នុងតំបន់បិទខ្ទប់ និងតំបន់ក្រហម។
ដោយឡែកជាមួយគ្នានេះ ភាគីតំណាងផ្សារទំនើប បានសំណូមពរដល់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយសម្របសម្រួលចំពោះបញ្ហាធំៗមួយចំនួន ដែលខ្លួនកំពុងតែប្រឈមមុខ ក្នុងនោះរួមមាន៖ ការធ្វើដំណើររបស់បុគ្គលិកទៅ-មកដើម្បីបំពេញការងារ ព្រមទាំងការលំបាកនានា ក្នុងការដឹកជញ្ជូនទំនិញធ្លងពីខេត្ត ចូលមករាជធានីភ្នំពេញ និងការនាំចូលទំនិញពីក្រៅប្រទេស ដើម្បីផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកជាដើម៕ រក្សាសិទ្ធិដោយ ៖ CEN







