Thursday, November 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កណ្ដាល បញ្ជា​ដល់​កងកម្លាំង​ទាំងបី អាជ្ញាធរ​ក្រុង​តាខ្មៅ ត្រូវ​បន្ត​អនុវត្ត​ដាច់ខាត ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ខេត្តកណ្ដាល​៖ ឯកឧត្តម​អភិបាលខេត្ត​កណ្ដាល បានដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០២១ ក្នុងឱកាស​ឯកឧត្តម​ចុះ​ពិនិត្យ ការអនុវត្ត​របស់​ក​ង​កម្លាំង​មាន​សមត្ថកិច្ច​នៅក្នុង​ក្រុង​តាខ្មៅ និង​អាជ្ញាធរ​ក្រុង ក្នុងការ​អនុវត្ត​នូវ​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល ស្ដីពី​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​បន្ថែមថា កងកម្លាំង​ស្នងការ​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កណ្ដាល ត្រូវ​ធ្វើការ​ល្បាត​ជាប្រចាំ នៅក្នុង​តំបន់​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ ដោយ​មិន​ត្រូវឱ្យ​ប្រជាពលរដ្ឋ ដែល​មិនមាន​ការចាំបាច់ ធ្វើដំណើរ​រាយប៉ាយ​ពេញ​ភូមិសាស្ត្រ​ក្រុង​តាខ្មៅ​ឡើយ ត្រូវ​ផ្សព្វផ្សាយ អប់រំ និង​ណែនាំ​ពួកគាត់ ឱ្យនៅ​ក្នុងផ្ទះ​រៀងខ្លួន ហើយ​ក្នុងករណី​ប្រជាពលរដ្ឋ​ដែល​មិន​គោរព​តាម​ការណែនាំ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវអនុវត្ត​តាមច្បាប់ ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​មិនមាន​ការលើកលែង​ឡើយ​។​

​ទន្ទឹមនឹងនោះ អាជ្ញាធរ​សង្កាត់ និង​មេភូមិ​គ្រប់​ភូមិ ត្រូវដាក់​ប៉ុស្តិ៍​ប្រចាំការ​នៅក្នុង​ភូមិ​ជាប្រចាំ ដោយ​មិនឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​មិនមាន​ការចាំបាច់​ចេញពីផ្ទះ​ឡើយ ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ចេញមកក្រៅ អាជ្ញាធរ​សង្កាត់ និង​មេភូមិ​គ្រប់​ភូមិ ដែល​នៅ​ប៉ុស្តិ៍​ប្រចាំការ ត្រូវធ្វើ​ការសួរនាំ​ពួកគាត់ ជៀសវាង​ការ​ចេញមក​ដោយ​សេរី និង​មិនមាន​ការសួរនាំ​ពី​អាជ្ញាធរ​ឡើយ​។​

​ជាងនេះទៅទៀត សង្កាត់​មួយចំនួន​ដែលមាន​ប្រជាពលរដ្ឋ មាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ដែល​ប្រឈម​ទៅនឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ត្រូវដាក់​នៅក្នុង​តំបន់​ក្រហម ដោយ​មិនឱ្យ​ពួកគាត់​ចេញ​ក្រៅ​ភូមិ​ឬ​ផ្ទះ​ឡើយ ហើយ​អាជ្ញាធរ​ភូមិ សង្កាត់ ត្រូវ​ត្រៀម​ស្បៀង​សម្រាប់​ចែកជូន​ពួកគាត់​ដល់​ខ្នង​ផ្ទះ ដោយ​មិន​អនុញ្ញាត​ជាដាច់ខាត​ឱ្យ​ពួកគាត់​ចេញពី​លំនៅឋាន​ឡើយ​។​

​សូមបញ្ជាក់​ផងដែរ​ថា គិត​ត្រឹម​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០២១ ទូទាំង​ខេត្តកណ្ដាល​មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-19 ចំនួន​៥៦៥​នាក់ ក្នុងនោះ​ក្រុង​តាខ្មៅ ចំនួន​១២៦​នាក់ និង​បាន​ព្យាបាល​ជា​សះ​ស្បាយ​បាន​ចំនួន​៣៣៨​នាក់ អ្នក​ដែល​បាន​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​មាន​ចំនួន ២១.០៩៩​នាក់ បាន​យក​សំណាក​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ បាន​ចំនួន​១៨.៣២១​នាក់ អ្នក​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​១៦៧៩​នាក់ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​មាន​ចំនួន​៦.៥៦៦​នាក់ អ្នក​ដែល​បានបញ្ចប់​ការធ្វើ​ច​តា​ឡី​ស័ក​បាន​ត្រឹមត្រូវ តាម​វិធាន​របស់​ក្រសួងសុខាភិបាល ទាំង​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​នៅផ្ទះ មាន​ចំនួន​១២.៣៧៣​នាក់​៕​

រក្សាសិទ្ធិដោយ៖ បញ្ញាស័ក្តិ

×